
អង្គការសហប្រជាជាតិ(UN)និយាយថា ប្រមុខ UNលោក Antonio Guterres កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពក្រោយការបោះឆ្នោតនៅអ៊ុយហ្គង់ដា ស្របពេលមានសេចក្តីរាយការណ៍ពីការចាប់ខ្លួន ការឃុំខ្លួន និងឧបទ្ទេវហេតុហិង្សា ពាក់ព័ន្ធនឹងឥស្សរជនក្រុមប្រឆាំង និងក្រុមអ្នកគាំទ្ររបស់ពួកគេ ។
លោក Stephane Dujarric គឺជាអ្នកនាំពាក្យ UN និយាយថាប្រាប់ក្រុមអ្នកសារព័ត៌មានថា អគ្គលេខាធិការ UN មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះដំណើរវិវត្តន៍ចុងក្រោយ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ១៥ ខែមករា ហើយលោកបានជំរុញឲ្យភាគីទាំងអស់បន្តអត់ធ្មត់ ។ លោក Guterres បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការគោរពច្បាប់ និងកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់អ៊ុយហ្គង់ដា រួមទាំងសិទ្ធបញ្ចេញមតិ និងការជួបជុំដោយស្ងៀមស្ងាត់ ។
លោក Dujarric និយាយថា លោកអគ្គលេខាធិការបានធ្វើការសង្កត់ធ្ងន់ពីសារៈសំខាន់នៃដំណើរការត្រឹមត្រូវ និងទង្វើមនុស្សធម៌សម្រាប់អ្នកជាប់ឃុំ និងគូសបញ្ជាក់ពីតម្រូវការការពារទីសាធារណៈ ។
សេចក្តីអត្ថាធិប្បាយរបស់ UN បានកើតមានឡើង ក្រោយមេដឹកនាំក្រុមប្រឆាំងលោក Bobi Wine ជំទាស់នឹងលទ្ធផលបោះឆ្នោត ហើយលោកនិយាយថា កងកម្លាំងសន្តិសុខមានគោលដៅលើរូបលោក និងក្រុមអ្នកគាំទ្ររបស់លោក ។
នៅក្នុងសេចក្តីអត្ថាធិប្បាយមួយផ្ញើរជូនទីភ្នាក់ងារព័ត៌មានរ៉យទ័រចេញពីទីតាំងពុំបញ្ជាក់ លោក Wine និយាយថា លោកស្ទើតែមិនអាចគេចផុតពីការវាយឆ្មក់របស់នគរបាល និងកងទ័ពនៅផ្ទះរបស់លោកទៅហើយ ហើយលោកព្រមានថា គ្មាននរណាម្នាក់មានសុវត្ថិភាពនោះទេនៅក្នុងប្រទេសមួយនេះ។
ភាពតានតឹងបានកើនឡើងខ្លាំងដោយសារសេចក្តីថ្លែងការណ៍របស់មេបញ្ជាយោធាអ៊ូយហ្គង់ដាដែលបានគំរាមប្រឆាំងលោក Wine នៅក្រោយការបោះឆ្នោត ។
ក្រុមអាជ្ញាធរអ៊ុយហ្គង់ដា និយាយថា មេដឹកនាំក្រុមប្រឆាំងរូបនេះ ពុំត្រូវបានស្វែងចាប់ខ្លួនដោយនគរបាលនោះទេ ខណៈឯកសារតុលាការ បង្ហាញថា សមាជិកជាង ១០០នាក់របស់គណបក្សវេទិការួបរួមជាតិរបស់លោក Wine ត្រូវបានចោទប្រកាន់ពីបទបំពានពាក់ព័ន្ធនឹងការបោះឆ្នោតដែលគណបក្សរបស់លោកបានបដិសេធន៍ចោល ។
លោកប្រធានាធិបតី Yoweri Museveni វ័យ ៨១ឆ្នាំ បានគ្រប់គ្រងប្រទេសអ៊ុយហ្គង់ដា ចាប់តំាងពីឆ្នាំ ១៩៨៦រហូតមក ហើយរូបលោកត្រូវបានប្រកាសថាជាអ្នកឈ្នះការបោះឆ្នោត ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតអ៊ុយហ្គង់ដា ៕