
ទីក្រុងដាម៉ាស ដកដង្ហើមបានស្រួលបន្តិចហើយ ពេលដែលបទឈប់បាញ់រវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ដឹកនាំដោយក្រុមឃឺដ ត្រូវបានប្រកាសកាលពីយប់ថ្ងៃទី ១៨ ខែមករា ។ កាំជ្រួចផ្កាភ្ញី ត្រូវបានអុជបំភ្លឺពេញផ្ទៃមេឃ រថយន្តបានចុចស៊ីផ្លេ ហើយប្រជាពលរដ្ឋស៊ីរី បានជួបជុំគ្នានៅលើទីលានចតុរង្គ Umayyad ដើម្បីរាំកម្សាន្តសប្បាយរីករាយតាមចង្វាក់ភ្លេង ។
ក្តីសង្ឃឹមថា ជម្លោះដែលបានឆាបឆេះកាលពីរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ នៅភាគខាងជើងស៊ីរី បច្ចុប្បន្នលែងមានទៀតហើយៗប្រទេសស៊ីរី បានដោះស្រាយបញ្ហាមួយក្នុងចំណោមបញ្ហាធំដែលនៅមានការបែងចែកគ្នាក្នុងឆ្នាំដែលបានការទម្លាក់អំណាចរបស់មេដឹកនាំកាន់តំណែងយូរគឺលោកប្រធានាធិបតី Bashar al-Assad ។
អ្នកស្រី Saria Shammiri គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងដាម៉ាស និយាយថា វាគឺជាអារម្មណ៍ស្រស់ស្រាយមួយ ហើយគាត់ប្រាកដណាស់ថា វាគឺជាអារម្មណ៍មួយដែលមានចំពោះពលរដ្ឋស៊ីរីរាល់រូប ។ ពួកយើងបន់ឲ្យតែស៊ីរីទាំងអស់រួបរួមគ្នាទេ ។
ភាពតានតឹងបានកើនឡើងរវាងរដ្ឋាភិបាល និងកងកម្លាំង SDF អស់រយៈពេលជាច្រើនខែមកហើយ ។ កងកម្លាំង SDF បានតស៊ូ ដោយមានគោលបំណងរក្សាស្វ័យភាពតំបន់ឃឺដ និងបង្ហាញការព្រួយបារម្ភថា រដ្ឋបាលដែលដឹកនាំដោយឥស្លាមនិយមនៅទីក្រុងដាម៉ាសកំពុងស្វែងរកការគ្រប់គ្រងប្រទេសស៊ីរី។
ខណៈពេលនោះដែរ រដ្ឋាភិបាលស៊ីរីបានដណ្តើមយកមកវិញនូវតំបន់កាន់តែច្រើនក្នុងភាគខាងជើង និងខាងកើតនៃប្រទេសស៊ីរីពីកងកម្លាំងឃឺដ ដោយបានបង្រួបបង្រួមការគ្រប់គ្រងរបស់ប្រធានាធិបតីលោក Ahmed al-Sharaa ជិត ១៤ខែ បន្ទាប់ពីរបបលោក Assad ត្រូវបានផ្តួលរំលំ ៕