នាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក លោកស្រី Mette Frederiksen បានធ្វើទស្សនកិច្ចរដ្ឋធានីនៃដែនដីហ្គ្រីនលែនសម្រាប់កិច្ចពិភាក្សាជាមួយមេដឹកនាំដែនដីនេះ បន្ទាប់ពីសប្តាហ៍ដ៏ច្របូកច្របល់ដែលបានឃើញប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដកថយពីជំហរដើមពីការគំរាមកំហែងយកកោះនៅមហាសមុទ្រអាកទិកមួយនេះមកគ្រប់គ្រង ហើយយល់ព្រមចំពោះការចរចា។ ប្រទេសដាណឺម៉ាក បានច្រានចោលការទាមទាររបស់លោក Trump ដែលថាសហរដ្ឋអាមេរិកត្រូវតែយកមកគ្រប់គ្រងដែនដីកោះហ្គ្រីនលែន ព្រោះថាប្រទេសចិន និងរុស្ស៊ីកំពុងព្យាយាមទទួលបានទីតាំងឈរជើងនៅក្នុងតំបន់នេះដោយទីក្រុងកូភែនហាក(Copenhagen)ដោយ សន្យាថានឹងបង្កើនវត្តមានយោធារបស់ខ្លួននៅលើកោះនេះ។ ដំណើរទស្សនកិច្ចរបស់លោកស្រី Frederiksen បានធ្វើឡើងបន្ទាប់ពីរយៈពេលពីរសប្តាហ៍ដ៏លំបាកសម្រាប់ប្រទេសដាណឺម៉ាកនិងដែនដីហ្គ្រីនលែន ដែលឈានដល់ចំណុចខ្ពស់មួយដោយលោក Trump អះអាងថាលោកបានឈានដល់កិច្ចព្រមព្រៀងជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធយោធាណាតូ លោក Mark Rutte ដែលបានឃើញមេដឹកនាំអាមេរិកដកថយពីជំហរដើមនៃការគំរាមកំហែងសម្រាប់សកម្មភាពយោធា និងការដំឡើងពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុប។

លោកស្រី Frederiksen បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំនៅទីនេះ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងខ្លាំងដែលប្រជាជនដាណឺម៉ាកមានចំពោះប្រជាជនដែនដីហ្គ្រីនលែន»។ «វាជាពេលវេលាដ៏លំបាក ដែលមនុស្សគ្រប់គ្នាអាចមើលឃើញរឿងនេះ» ហើយពួកគេកំពុងធ្វើការលើការត្រៀមក្នុង «ការឆ្លើយតបផ្នែកការទូត»។ លោក Trump និងលោក Rutte បានឯកភាពគ្នាលើអ្វីដែលមេដឹកនាំអាមេរិកហៅថា «ក្របខ័ណ្ឌ»។ ប្រភពមួយដែលដឹងពីការចរចាបាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសដាណឺម៉ាក នឹងចរចាឡើងវិញនូវកតិកាសញ្ញាការពារជាតិឆ្នាំ១៩៥១ ស្តីពីដែនដី Greenland។ កិច្ចព្រមព្រៀង ដែលត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ២០២៤ អនុញ្ញាតរួចហើយឱ្យទីក្រុងវ៉ាស៊ីនតោនបង្កើនការដាក់ពង្រាយកងទ័ព ដោយជូនដំណឹងដល់ប្រទេសដាណឺម៉ាក និងដែនដី Greenland ជាមុន។
