នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃសុក្រ ទី២៣ ខែមករា បានរិះគន់ការអះអាងរបស់លោក Donald Trump ថាកងទ័ពអង់គ្លេសបានគេចវេះពីសមរភូមិនៅអាហ្វហ្គានីស្ថាន ក្នុងពេលមានកំហឹងយ៉ាងខ្លាំងចំពោះសុន្ទរកថារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយFox News លោកTrump ទំនងជាមិនដឹងទេថា ទាហានអង់គ្លេសចំនួន៤៥៧នាក់ស្ថិតក្នុងចំណោមកងទ័ពណាតូដែលបានស្លាប់ក្នុងអំឡុងពេលជម្លោះនៅប្រទេសអាស៊ីខាងត្បូងមួយនេះបន្ទាប់ពីការវាយប្រហារថ្ងៃទី១១ ខែកញ្ញាលើសហរដ្ឋអាមេរិក។

លោក Trump បានប្រាប់សារព័ត៌មានអាមេរិកថា «ពួកគេនឹងនិយាយថា ពួកគេបានបញ្ជូនកងទ័ពមួយចំនួនទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន» ដោយនិយាយសំដៅទៅលើសម្ព័ន្ធយោធាណាតូ។ ហើយពួកគេបានធ្វើ ប៉ុន្តែពួកគេបាននៅក្រោយបន្តិចពីសមរភូមិមុខ។
លោកTrump ក៏បាននិយាយម្តងទៀតថា សម្ព័ន្ធយោធាណាតូនឹងមិនមកជួយសហរដ្ឋអាមេរិកទេ ប្រសិនបើត្រូវបានស្នើសុំឱ្យធ្វើដូច្នេះ។
តាមពិតទៅ បន្ទាប់ពីការវាយប្រហារថ្ងៃទី ៩/១១ ចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្តមួយចំនួនទៀតបានចូលរួមជាមួយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០១ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
កងទ័ពមកពីប្រទេសសម្ព័ន្ធមិត្តផ្សេងទៀតរបស់អង្គការណាតូ រួមមានប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងដាណឺម៉ាក និងប្រទេសដទៃទៀតក៏បានស្លាប់ផងដែរ។
