ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានក្រើនរំឮកដល់នាយទាហាន ពលទាហានបន្តវេននៅបញ្ជាការដ្ឋានពិសេស ត្រូវជួយផ្សព្វផ្សាយបនុ្តអំពីសារៈសំខាន់នៃសន្តិភាព ហើយត្រូវទប់ស្កាត់បុគ្គលណាដែលមានបំណងចង់បំផ្លាញសន្តិភាព។
នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣២, វគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹក ជំនាន់ទី៥, វគ្គហ្វឹកហ្វឺនបំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង អាវុធ SNIPER និងបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម៉្មង់ដូជំនាន់ទី១១ ស្ថិតនៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា«ទទួលបានប្រយោជន៍ពីសុខសន្តិភាព មានការអភិវឌ្ឍ យើងទាំងអស់គ្នា ត្រូវតែដឹងគុណសុខសន្តិភាព និងអរគុណសន្តិភាព យើងត្រូវតែបន្តរក្សាសុខសន្តិភាពនេះឱ្យបានគង់វង្សរហូត ហើយត្រូវប្រឆាំងដាច់ខាតចំពោះបុគ្គលណា ក្រុមណាដែលហ៊ានប្រព្រឹត្ត ឬមានមហិកតា បំផ្លាញសុខសន្តិភាព»។
នៅក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា ដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានេះហើយ បានធ្វើឱ្យប្រទេសជាតិ បញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បនេះ ហើយកត្តាសន្តិភាពនេះ ធ្វើឱ្យប្រជាជនខ្មែរទាំងអស់ រស់នៅដោយសុខក្សេមសាន្ត មានជីវភាពល្អប្រសើរ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ បានបន្តថា បើប្រទេសជាតិមិនមានសន្តិភាពទេនោះ ការរស់នៅរបស់ប្រជាជនក៏ពុំបានសុខ ប្រទេសជាតិក៏គ្មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ដូច្នេះ ក្នុងនាមជាប្រជាពលដ្ឋគ្នាត្រូវរួមសាមគីគ្នាការពារឱ្យបាននូវសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក ចាប់តាំងពីបាតដៃទទេរហូតមានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។
ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងទៅកាន់គណៈគ្រប់គ្រង យោធាចារ្យ អ្នកបម្រើការរួមទាំងនាយទាហានបន្តវេននៅបញ្ជាការដ្ឋានកងទ័ពពិសេស ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់ត្រូវ «អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ និងដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ»។ ដោយសាតែនយោបាយឈ្នះ ឈ្នះ ទើបប្រទេសយើងមានសុខសន្តិភាព ពិតប្រាកដ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ៕
អត្ថបទ៖ បាន ចក់









