សមាជិកក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលរបស់ប្រទេសហៃទី បានប្រកាសផែនការដកលោកនាយករដ្ឋមន្ត្រី អាលីក ឌីឌីយ៉េ ហ្វីល-អៃម៉េ (Alix Didier Fils-Aime) ចេញពីតំណែង ដោយបំពានការព្រមានពីសហរដ្ឋអាមេរិកប្រឆាំងនឹងការធ្វើដូច្នេះ។
ការប្រកាសកាលពីថ្ងៃសុក្រ ធ្វើឱ្យការប្រឈមមុខដាក់គ្នាជាមួយទីក្រុងវ៉ាស៊ីនតោនកាន់តែធ្ងន់ធ្ងរ លើភាពជាអ្នកដឹកនាំរបស់ប្រទេសតំបន់សមុទ្រការ៉ាអ៊ីបដែលញាំញីដោយវិបត្តិ ដែលបានពន្យារពេលការបោះឆ្នោតម្តងហើយម្តងទៀត ដោយសារតែឧក្រិដ្ឋកម្មរបស់ក្រុមជនអន្ធពាល និងអស្ថិរភាពកើនឡើង។

សមាជិកក្រុមប្រឹក្សា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងជាអ្នកដែលបានតែងតាំងលោក ឌីឌីយ៉េ ហ្វីល-អៃម៉េ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤»។ «យើងជាអ្នកដែលបានធ្វើការជាមួយលោក រយៈពេលមួយឆ្នាំមកហើយ ហើយវាអាស្រ័យលើយើងក្នុងការចេញក្រឹត្យថ្មី ដែលតែងតាំងនាយករដ្ឋមន្ត្រីថ្មី រដ្ឋាភិបាលថ្មី និងប្រធានាធិបតីថ្មី»។ សមាជិកមួយចំនួនបាននិយាយថា សមាជិកប្រាំនាក់ក្នុងចំណោមប្រាំបួននាក់នៃគណៈកម្មាធិការបានបោះឆ្នោតគាំទ្រការដក លោក ហ្វីល-អៃម៉េ និងដាក់អ្នកឲ្យជំនួសលោកក្នុងរយៈពេល៣០ថ្ងៃ។ ទោះជាយ៉ាងណា ការបោះឆ្នោតនេះមិនទាន់ត្រូវបានចេញផ្សាយនៅក្នុងកាសែតផ្លូវការរបស់ប្រទេសនៅឡើយទេគិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ជាចំណាត់ការចាំបាច់មួយមុនពេលការសម្រេចចិត្តមានសុពលភាពស្របច្បាប់។ ក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលរបស់ប្រទេសហៃទី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៤ ជាស្ថាប័នប្រតិបត្តិកំពូលរបស់ប្រទេស ក្នុងការឆ្លើយតបទៅនឹងវិបត្តិនយោបាយដែលរាលដាលមានមកតាំងពីការធ្វើឃាតប្រធានាធិបតី លោក Jovenel Moise ក្នុងឆ្នាំ២០២១។ វាបានវិវត្តយ៉ាងឆាប់រហ័សទៅជាជម្លោះផ្ទៃក្នុង សំណួរអំពីសមាជិកភាពរបស់ខ្លួន និងការចោទប្រកាន់ពីអំពើពុករលួយ។
