យោងតាមឯកសារគោលនយោបាយមួយដែលចេញផ្សាយនៅថ្ងៃសុក្រ (២៣ មករា) បានបង្ហាញថា មន្ទីរបញ្ចកោណ មើលឃើញពីតួនាទី «កាន់តែមានកម្រិត» របស់ខ្លួនក្នុងការទប់ស្កាត់កូរ៉េខាងជើង ដោយកូរ៉េខាងត្បូង ជាអ្នកទទួលខុសត្រូវចម្បងចំពោះភារកិច្ចនេះ នៅក្នុងជំហានមួយដែលអាចនាំឱ្យមានការកាត់បន្ថយកងកម្លាំងអាមេរិក នៅលើឧបទ្វីបកូរ៉េ។
គួរឱ្យដឹងថា កូរ៉េខាងត្បូង មានកងទ័ពអាមេរិកប្រហែល ២៨.៥០០ នាក់ ក្នុងការការពាររួមគ្នាប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង ហើយទីក្រុងសេអ៊ូល បានដំឡើងថវិកាការពារជាតិរបស់ខ្លួនចំនួន ៧,៥% សម្រាប់ឆ្នាំ២០២៦នេះ។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងឯកសារយុទ្ធសាស្ត្រការពារជាតិកម្រាស់ ២៥ទំព័រ ដែលណែនាំគោលនយោបាយរបស់ខ្លួនថា «កូរ៉េខាងត្បូង មានសមត្ថភាពទទួលខុសត្រូវចម្បងក្នុងការទប់ស្កាត់កូរ៉េខាងជើង ជាមួយនឹងការគាំទ្រដ៏សំខាន់ ប៉ុន្តែមានកម្រិតជាងមុន របស់សហរដ្ឋអាមេរិក»។ ឯកសារបន្តថា «ការផ្លាស់ប្តូរតុល្យភាពនៃការទទួលខុសត្រូវនេះ គឺស្របនឹងបំណងរបស់អាមេរិក ក្នុងការធ្វើបច្ចុប្បន្នភាពឥរិយាបថកងកម្លាំងអាមេរិក នៅលើឧបទ្វីបកូរ៉េ»។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមមន្ត្រីអាមេរិក បានបង្ហាញពីបំណងរបស់ខ្លួនដែលចង់ធ្វើឱ្យកងកម្លាំងអាមេរិក នៅកូរ៉េខាងត្បូង មានភាពបត់បែនជាងមុន ដើម្បីអាចធ្វើប្រតិបត្តិការនៅខាងក្រៅឧបទ្វីបកូរ៉េ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងជាច្រើនប្រភេទទៀត។ កូរ៉េខាងត្បូង ដែលមានមានកងទ័ព ៤៥ម៉ឺននាក់ បានជំទាស់នឹងគំនិតនៃការផ្លាស់ប្តូរតួនាទីរបស់កងទ័ពអាមេរិកបែបនេះ ប៉ុន្តែក៏បានខិតខំបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួនផ្ទាល់ផងដែរ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ៕

