មន្ត្រីជាន់ខ្ពស់របស់ទីក្រុងតេអេរ៉ង់ បានចេញការព្រមានកាលពីថ្ងៃសុក្រ (២៣ មករា) អ៊ីរ៉ង់ នឹងចាត់ទុកការវាយប្រហារមួយណាក៏ដោយ ថាជា «សង្គ្រាមពេញបន្ទុកប្រឆាំងអ៊ីរ៉ង់» មុនពេលការមកដល់នៃក្រុមប្រយុទ្ធនៃនាវាផ្ទុកយន្តហោះយោធាអាមេរិក និងទ្រព្យសម្បត្តិយោធាផ្សេងទៀតនៅមជ្ឈិមបូព៌ា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ដែលមិនបញ្ចេញឈ្មោះរូបនោះបានលើកឡើងថា៖ «អ៊ីរ៉ង់សង្ឃឹមថា ការបង្កើនវត្តមានកម្លាំងយោធានេះ នឹងមិនមែនមានបំណងសម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធាពិតប្រាកដទៅចុះ ប៉ុន្តែទោះយ៉ាងណា យោធារបស់ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត។ នេះជាមូលហេតុដែលអ្វីៗគ្រប់យ៉ាងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់នៅអ៊ីរ៉ង់»។

មន្ត្រីរូបនោះបន្តថា «លើកនេះ មិនថាជាការវាយប្រហារមានកំណត់ គ្មានកំណត់ បែបវះកាត់ ចលនាសាស្ត្រ ឬអ្វីក៏ដោយ អ៊ីរ៉ង់នឹងចាត់ទុកការវាយប្រហារទាំងអស់ ថាជាសង្គ្រាមពេញបន្ទុកប្រឆាំងនឹងអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ នឹងឆ្លើយតបតាមវិធីសាស្រ្តដ៏ខ្លាំងក្លាបំផុតដែលអាចធ្វើទៅបាន»។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកមាន «កងនាវាចម្បាំងដ៏ធំសម្បើម» មួយក្រុម កំពុងធ្វើដំណើរឆ្ពោះទៅអ៊ីរ៉ង់ ប៉ុន្តែលោកសង្ឃឹមថា លោកនឹងមិនចាំបាច់ប្រើប្រាស់កងកម្លាំងនេះទៅចុះ ខណៈលោកបានព្រមានជាថ្មីដល់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងការសម្លាប់ក្រុមបាតុករ ឬការចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ៕

