អ៊ុយក្រែន៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយកាលពីថ្ងៃសុក្រថា ប្រជាជនអ៊ុយក្រែនប្រមាណ ២១៥,០០០នាក់បានវិលត្រឡប់មកពីបរទេសវិញ ដើម្បីការពារប្រទេសរបស់ពួកគេបន្ទាប់ពីការវាយលុករបស់រុស្ស៊ី។
លោក Shmyhal បាននិយាយទៅកាន់វេទិកាការទូតក្នុងប្រទេសទួរគីតាមរយៈ Video Conference ថា ប្រជាជនអ៊ុយក្រែនទាំងអស់ក្នុងនាមតែមួយបានក្រោកឡើង ដើម្បីការពារប្រទេសរបស់ពួកគេ។ លោក Shmyhal បានអះអាងថា ប្រតិបត្តិការរបស់រុស្ស៊ីដើម្បីគ្រប់គ្រងប្រទេសអ៊ុយក្រែន ក្នុងចន្លោះពេលបីថ្ងៃនេះត្រូវបានវាយរុញច្រានចេញ។ មេដឹកនាំពិភពលោកជាច្រើនរួមទាំងប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កំពុងចូលរួមក្នុងវេទិកាការទូតដែលត្រូវបានរៀបចំឡើង នៅតំបន់រមណីយដ្ឋានមួយកន្លែងក្បែរទីក្រុងឆ្នេរសមុទ្រ Antalya របស់ប្រទេសទួរគី៕
អត្ថបទ៖ ប៊ុនថន