កាលពីថ្ងៃសុក្រ (២៣ មករា) អាជីវកម្មសហរដ្ឋអាមេរិក រាប់រយកន្លែងនៅរដ្ឋមីនីសូតា (Minnesota ) បានបិទទ្វារ ហើយបាតុកររាប់ម៉ឺននាក់ បានសម្រុកចេញតវ៉ាក្រោមអាកាសធាតុត្រជាក់ខ្លាំង ដើម្បីសម្ដែងការប្រឆាំងនឹងការបង្ក្រាបអន្តោប្រវេសន៍ដែលកំពុងបន្តនៅក្នុងរដ្ឋនេះ។

ការប្រមូលផ្ដុំយ៉ាងទូលំទូលាយនេះ បានកើតឡើងបន្ទាប់ពីអ្នករៀបចំកម្មវិធីបានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យឈប់ធ្វើការ ឈប់ទៅរៀន និងឈប់ដើរលេងទិញឥវ៉ាន់ ដើម្បីបង្ហាញពីការតវ៉ាប្រឆាំងនឹងក្រុមមន្រ្តីមកពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) របស់សហរដ្ឋអាមេរិក។ ប្រតិបត្តិការ ICE ដែលបញ្ជាដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅរដ្ឋ Minnesota បានដំណើរការអស់ជាង ៦សប្តាហ៍មកហើយ។
ការដង្ហែក្បួនតវ៉ាកាលពីថ្ងៃសុក្រនោះ គឺជាការបង្ហាញពីចិត្តប្រឆាំងដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន ចំពោះគោលនយោបាយអន្តោប្រវេសន៍នៅក្នុងរដ្ឋមួយនេះ ខណៈដែលមនុស្សរាប់ម៉ឺននាក់បានតស៊ូដើរក្នុងទីប្រជុំជនក្រោមសីតុណ្ហភាពរដូវរងាដ៏ត្រជាក់ -២៣អង្សាសេ។ កាលពីព្រឹកថ្ងៃសុក្រ អ្នករស់នៅទីក្រុង Minneapolis បានបិទអាជីវកម្មរាប់រយកន្លែងរបស់ពួកគេ ដើម្បីសាមគ្គីភាព ហើយបានធ្វើដំណើរទៅចូលរួមការតវ៉ា។
វត្តមានរបស់ភ្នាក់ងារ ICE រាប់ពាន់នាក់ បានធ្វើឱ្យប្រជាជនជាច្រើននៅរដ្ឋ Minnesota មានការខឹងសម្បារយ៉ាងខ្លាំង ហើយអ្នកស្រុកបានតវ៉ាប្រឆាំងនឹងប្រតិបត្តិការរបស់ក្រុមមន្រ្តីអន្តោប្រវេសន៍ទាំងនោះ និងមន្ត្រីសហព័ន្ធផ្សេងទៀត ដែលកំពុងប្រតិបត្តិការនៅក្នុងទីក្រុងរបស់ពួកគេ៕


