ក្រុមឧទ្ទាមជនជាតិភាគតិច និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយកាលពីថ្ងៃសុក្រ (២៣ មករា) ថា មនុស្សយ៉ាងតិច ២១ នាក់ បានស្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា នៅសប្តាហ៍នេះ លើភូមិមួយក្នុងសហភាពមីយ៉ាន់ម៉ា ដែលផ្ដល់ជម្រកសម្រាប់ប្រជាជនភៀសខ្លួនពីទីប្រជុំជនបាម៉ូ (Bhamo) ភាគខាងជើង និងជាទីដែលការបោះឆ្នោតជុំចុងក្រោយនៃការបោះឆ្នោត ៣ដំណាក់កាលរបស់ប្រទេសនេះ គ្រោងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ។ កាសែតមីយ៉ាន់ផ្សេងទៀតរាយការណ៍ថា មានអ្នកស្លាប់ដល់ទៅ ២៧នាក់ ក្នុងការវាយប្រហារទាំងនោះ។
យោងតាមលោក ណៅ ប៊ូ អ្នកនាំពាក្យកងទ័ពឯករាជ្យកាឈីន ឬហៅកាត់ថា KIA បានឱ្យដឹងថា ការវាយប្រហារលើភូមិ Hteelin ភាគខាងលិចទីក្រុងបាម៉ូ ក្នុងរដ្ឋកាឈីន បានកើតឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ហើយក៏បានបណ្តាលឱ្យមនុស្ស ២៨នាក់ រងរបួសផងដែរ។

លោក ណៅ ប៊ូ បាននិយាយថា យន្តហោះចម្បាំង ១គ្រឿង បានទម្លាក់គ្រាប់បែកលើទីតាំងមួយដែលក្រុមអ្នកកាន់ទុក្ខបានប្រមូលផ្តុំគ្នាដើម្បីអធិស្ឋានដល់អ្នកស្លាប់ ក្នុងជំរំសម្រាប់ជនភៀសខ្លួន ក៏ដូចជាសាលារៀន និងផ្សារក្នុងភូមិផងដែរ ហើយមានមនុស្សប្រហែល ៥០០នាក់ រួមទាំងអ្នកស្រុកភៀសខ្លួន កំពុងស្នាក់នៅក្នុងភូមិនោះ អំឡុងពេលហេតុការណ៍កើតឡើង។
ប្រព័ន្ធផ្សព្វផ្សាយមានមូលដ្ឋាននៅរដ្ឋកាឈីន បានបង្ហោះរូបថត និងវីដេអូដែលបង្ហាញពីអ្វីដែលពួកគេនិយាយថា ជាលទ្ធផលក្រោយការវាយប្រហារ ដោយមានរូបភាពនៃសាកសព និងអគារខូចខាត។ យោងតាមតួលេខដែលចងក្រងដោយអង្គការមិនមែនរដ្ឋាភិបាល បានឱ្យដឹងថា ចាប់តាំងពីមីយ៉ាន់ម៉ា ធ្លាក់ចូលក្នុងវិបត្តិនៅឆ្នាំ២០២១មក មានមនុស្សជាង ៧.៧០០ នាក់ ត្រូវគេប៉ាន់ប្រមាណថា ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ៕
