មន្រ្តីនគរបាលប៉ាគីស្ថាន បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងពិធីមង្គលការមួយនៅក្បែរព្រំដែនអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ៧នាក់ នៅថ្ងៃសៅរ៍ (២៤ មករា) នេះ ខណៈប្រទេសប៉ាគីស្ថាន កំពុងជួបការលំបាកដើម្បីដោះស្រាយជាមួយនឹងរលកនៃការវាយប្រហារកំពុងកើនឡើងរបស់ពួកសកម្មប្រយុទ្ធ។
នគរបាលបាននិយាយថា ការបំផ្ទុះគ្រាប់បែកនេះបានបំផ្លាញអគារមួយដែលជាកន្លែងស្នាក់នៅរបស់សមាជិកគណៈកម្មាធិការសន្តិភាព ក្នុងអំឡុងពេលពិធីមង្គលការមួយកាលពីថ្ងៃសុក្រ ទី២៣ ខែមករា នៅក្នុងស្រុក Dera Ismail Khan ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ គណៈកម្មាធិការទាំងនេះ ត្រូវបានបង្កើតឡើងដោយប្រជាជនក្នុងតំបន់ និងពួកព្រឹទ្ធាចារ្យ ហើយត្រូវបានគាំទ្រដោយទីក្រុងអ៊ីស្លាម៉ាបាដ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងពួកសកម្មប្រយុទ្ធអ៊ិស្លាម នៅក្នុងតំបន់តាមបណ្តោយព្រំដែនអាហ្វហ្គានីស្ថាន។

នគរបាលបានបន្ថែមថា មនុស្ស ៧នាក់ បានស្លាប់ និងរាប់សិបនាក់បានរងរបួសនៅក្នុងការវាយប្រហារ។ ពុំទាន់មានក្រុមសកម្មប្រយុទ្ធណាមួយចេញអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះទេ។
ក្រុមសកម្មប្រយុទ្ធ «តាលីបង់ប៉ាគីស្ថាន» ឬត្រូវបានគេស្គាល់ផងដែរថាជាក្រុម Tehreek-e-Taliban Pakistan ដែលធ្វើប្រតិបត្តិការនៅសងខាងនៃព្រំដែនអាហ្វហ្គានីស្ថាន បានដាក់ឈ្មោះសមាជិកនៃគណៈកម្មាធិការសន្តិភាពប៉ាគីស្ថាននោះថាជាជនក្បត់។ ទីក្រុងអ៊ីស្លាម៉ាបាដ បានចោទប្រកាន់ពួកតាលីបង់អាហ្វហ្គានីស្ថានថា បានអនុញ្ញាតឱ្យក្រុមប៉ាគីស្ថាននោះ រៀបចំផែនការវាយប្រហាររបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន។ ទីក្រុងកាប៊ុល បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ក្រុមសកម្មប្រយុទ្ធគឺជាបញ្ហាក្នុងស្រុករបស់ប៉ាគីស្ថានទៅវិញទេ៕

