ការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ីពេញមួយយប់ មានគោលដៅលើទីក្រុងគីវ និងទីក្រុង Kharkiv កាលពីថ្ងៃសៅរ៍ ដែលជាការវាយប្រហារទ្រង់ទ្រាយធំមួយផ្សេងទៀត បណ្តាលឲ្យប្លុកអគារផ្ទះល្វែង និងមនុស្សជិត ១,២លាននាក់ គ្មានចរន្តអគ្គិសនីប្រើប្រាស់ នៅទូទាំងប្រទេស ។
ការវាយប្រហារនេះដែរ បានកើតមាននៅមុនថ្ងៃទី ២ នៃកិច្ចប្រជុំស្វែងរកសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិកនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ជាទីដែលក្រុមអ្នកចរចាអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក ពិភាក្សាស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាម បើទោះបីជាពួកគេចាកចេញទៅដោយគ្មានកិច្ចព្រមព្រៀងក៏ដោយ ។
ថ្ងៃសៅរ៍ ត្រូវបានកំណត់ជាថ្ងៃចុងក្រោយនៃកិច្ចពិភាក្សា ប៉ុន្តែទីក្រុងមូស្គូ និងទីក្រុងគីវ និយាយថា ពួកគេបើកទូលាយចំពោះកិច្ចសន្ទនាបន្ថែមទៀត ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ភាគីទាំងអស់យល់ព្រមរាយការណ៍មកវិញនូវទិដ្ឋភាពនីមួយៗនៃកិច្ចចរចា និងសម្របសម្រួលជំហានបន្ថែមទៀតជាមួយថ្នាក់ដឹកនាំរបស់ពួកគេ ។
មន្រ្តីសហរដ្ឋអាមេរិកមួយរូប បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយស្ងើចសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សារយៈពេល ២ថ្ងៃ ដោយរូបលោកបញ្ជាក់ថា ជុំបន្ទាប់នឹងធ្វើឡើងនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ ក្នុងទីក្រុង Abu Dhabi ។
ការវាយប្រហារពេញមួយយប់របស់រុស្ស៊ី បណ្តាលឲ្យអគាររាប់ពាន់ខ្នងនៅក្នុងទីក្រុងគីវ គ្មានកម្តៅ ពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់សូន្យអង្សាសេ ។
អភិបាលក្រុងគីវលោក Vitali Klitschko និយាយថា ការវាយប្រហារនេះ មានបំណងធ្វើឲ្យពលរដ្ឋត្រជាក់ ដោយគ្មានទឹក ឬចរន្តអគ្គិសនីប្រើប្រាស់ ។
លោកថា ទីក្រុងរបស់លោកនឹងដំឡើងជម្រកកម្តៅបន្ថែមទៀត ហើយក្រុមការងារថាមពលកំពុងធ្វើការដើម្បីស្តាថាមពលឡើងវិញ ៕
