ក្រុមបាតុករគាំទ្រជនជាតិឃឺដ និងនគរបាលទួរគី បានប៉ះទង្គិចគ្នានៅតាមដងផ្លូវ ក្នុងទីក្រុង Istanbul កាលពីថ្ងៃសៅរ៍ ។
ការប៉ះទង្គិចគ្នានេះ បានកើតមានឡើង ពេលបទឈប់បាញ់រយៈពេល ៤ថ្ងៃរវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ដឹកនាំដោយក្រុមឃឺដ ផុតកំណត់ ក្នុងនោះជោគវាសនានៃបទឈប់បាញ់នេះស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ហើយភាគីទាំង ២ បានចោទប្រកាន់គ្នាទៅវិញទៅមក ថាបានបំពានបទឈប់បាញ់ ។
បទឈប់បាញ់ បានបញ្ចប់ទៅកាលពីវេលាម៉ោង ៨យប់ ថ្ងៃសៅរ៍ម្សិលមិញ ក្នុងនោះទាហានស៊ីរីនិងកងកម្លាំងឃឺដបានកៀរគរគ្នានៅជ្រុងម្ខាងនៃជួរមុខ ជុំវិញទីក្រុងដែលកាន់កាប់ដោយក្រុមឃឺដ ។

គួរឲ្យដឹងថា ភាពតានតឹងបានកើនឡើងរវាងរដ្ឋាភិបាល និងកងកម្លាំង SDF អស់រយៈពេលជាច្រើនខែមកហើយ ។ កងកម្លាំង SDF បានតស៊ូ ដោយមានគោលបំណងរក្សាស្វ័យភាពតំបន់ឃឺដ និងបង្ហាញការព្រួយបារម្ភថា រដ្ឋបាលដែលដឹកនាំដោយឥស្លាមនិយមនៅទីក្រុងដាម៉ាសកំពុងស្វែងរកការគ្រប់គ្រងប្រទេសស៊ីរី។
ខណៈពេលនោះដែរ រដ្ឋាភិបាលស៊ីរីបានដណ្តើមយកមកវិញនូវតំបន់កាន់តែច្រើនក្នុងភាគខាងជើង និងខាងកើតនៃប្រទេសស៊ីរីពីកងកម្លាំងឃឺដ ដោយបានបង្រួបបង្រួមការគ្រប់គ្រងរបស់ប្រធានាធិបតីលោក Ahmed al-Sharaa ជិត ១៤ខែ បន្ទាប់ពីរបបលោក Assad ត្រូវបានផ្តួលរំលំ ៕
