អាជ្ញាធរនូវ៉ែលហ្សេឡង់ នៅថ្ងៃអាទិត្យ (ទី២៥ ខែមករា) បានផ្អាកកិច្ចប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដោយសារបំណាក់ដីដែលបានកើតមាននៅកន្លែងបោះជំរុំដ៏មមាញឹកមួយ នៅលើកោះ North Island របស់ប្រទេស។
គួរបញ្ជាក់ថា មនុស្ស ៦នាក់ ក្នុងនោះរួមមានក្មេងជំទង់ ២នាក់ ត្រូវបានសន្មតថា ស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កជាបំណាក់ដី កាលពីថ្ងៃទី២២ ខែមករា នៅភ្នំ Maunganui នៅឆ្នេរភាគខាងកើតនៃកោះនេះ ដោយបាននាំឲ្យដី និងកម្ទេចកម្ទីហូរធ្លាក់ទៅកាន់ទីតាំងនោះ ដែលស្ថិតនៅក្នុងទីក្រុង Tauranga ដែលមានមនុស្សយ៉ាងច្រើនកុះករ នាថ្ងៃឈប់សម្រាករដូវក្តៅ។

អាជ្ញាធរបានប្រឹងប្រែងធ្វើការ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ បន្ទាប់ពីសាកសពមនុស្ស ត្រូវបានរកឃើញនៅទីតាំងនោះ កាលពីថ្ងៃទី២៤ ខែមករា។ អធិការនគរបាល លោក Tim Anderson បានប្រាប់ឲ្យដឹងថា ប៉ុន្តែស្នាមប្រេះដែលត្រូវបានរកឃើញនៅទីតាំងនោះ បានជំរុញឲ្យការងារជួយសង្គ្រោះត្រូវបានបញ្ឈប់ សម្រាប់ថ្ងៃទី២៥ ខែមករានេះ។
លោក Anderson បានប្រាប់អ្នកសារព័ត៌មាននៅភ្នំ Maunganui ថា៖ «ដោយសារការឃើញស្នាមនោះ យើងត្រូវដកបុគ្គលិកទាំងអស់របស់យើងចេញសិន»។ លោកបានបន្ថែមថា «យើងត្រូវធ្វើដូច្នេះ ដើម្បីសុវត្ថិភាពរបស់អ្នកពាក់ព័ន្ធទាំងអស់»។ តែយ៉ាងណាក្ដី លោកមិនបានបញ្ជាក់ពេលណាការងារនឹងបន្តមានឡើងវិញនោះទេ ដោយនិយាយថា អាជ្ញាធរកំពុងបំពេញកិច្ចការ «បន្តិចម្ដងៗនាពេលនេះ»៕
