ជើងហោះហើរមិនតិចជាង ៤.០០០ជើង ត្រូវបានលុបចោលនៅសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ (ទី២៤ ខែមករា ឆ្នាំ២០២៦) មុនពេលមានព្យុះរដូវរងាដ៏ធំ ដែលបានកាត់ផ្តាច់ចរន្តអគ្គិសនី សម្រាប់អតិថិជនជាង ១៦០.០០០នាក់រួចហើយ រហូតដល់ភាគខាងលិចរដ្ឋ Texas ហើយបានគំរាមកំហែងប៉ះពាល់ដល់រដ្ឋភាគខាងកើតជាច្រើន ដោយសារព្រិលធ្លាក់ខ្លាំង។
ទីភ្នាក់ងារព្យាករណ៍អាកាសធាតុ បានឲ្យដឹងថា ព្រិល ភ្លៀងលាយព្រិល និងភ្លៀងត្រជាក់ខ្លាំង អមដោយសីតុណ្ហភាពត្រជាក់ខ្លាំងដ៏គ្រោះថ្នាក់ នឹងកើតមាននៅតំបន់ភាគខាងកើតរបស់ប្រទេស ២ភាគ៣ នាថ្ងៃអាទិត្យ ហើយនិង បន្តចូលទៅដល់សប្តាហ៍ក្រោយ។

ដោយហៅព្យុះទាំងនេះ ថា «ជាប្រវត្តិសាស្ត្រ» លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសៅរ៍ បានអនុម័តសេចក្តីប្រកាសអាសន្នគ្រោះមហន្តរាយសហព័ន្ធ នៅរដ្ឋ South Carolina, Virginia, Tennessee, Georgia, North Carolina, Maryland, Arkansas, Kentucky, Louisiana, Mississippi, Indiana និង West Virginia។ លោក Trump បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «យើងនឹងបន្តតាមដាន និងការទាក់ទងជាមួយរដ្ឋទាំងអស់ដែលស្ថិតនៅក្នុងផ្លូវរបស់ព្យុះនេះ។ សូមមានសុវត្ថិភាពទាំងអស់គ្នា និងធ្វើឲ្យរាងកាយមានកម្ដៅជាប់ជានិច្ច»។
ក្រសួងសន្តិសុខមាតុភូមិ បានឲ្យដឹងថា រដ្ឋចំនួន១៧ និងតំបន់ Columbia បានប្រកាសអាសន្នអាកាសធាតុ។ យោងតាម PowerOutage.com បានឲ្យដឹងថា ចំនួននៃការដាច់ចរន្តអគ្គិសនីនៅតែបន្តកើនឡើង។ គិតត្រឹមម៉ោង ១០:១៧ (ម៉ោងក្នុងស្រុក) អតិថិជនអាមេរិកជាង ១៦០.០០០នាក់ មិនមានអគ្គិសនីប្រើប្រាស់ទេ ដោយភាគច្រើន នៅរដ្ឋ Louisiana និង Texas។
សេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក បានព្រមានអំពីការមានព្យុះរដូវរងាដ៏ធំ និងមានរយៈពេលវែងខុសពីធម្មតា ដែលនឹងនាំមកនូវគំនរព្រិលទឹកកកយ៉ាងក្រាស់ នៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ជាកន្លែងដែល «ផលប៉ះពាល់មហន្តរាយក្នុងស្រុក អាចត្រូវបានគេរំពឹងទុក»។ ទីភ្នាក់ព្យាករណ៍អាកាសធាតុ បានព្យាករពីការមានសីតុណ្ហភាពត្រជាក់ខ្លាំងបំផុត និងខ្យល់ត្រជាក់ខ្លាំង ដែលបង្កជាស្ថានភាពគ្រោះថ្នាក់បន្ថែមទៀត នៅតំបន់ Great Plains របស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦)៕

