ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគចែកជូនដល់គ្រួសារវីរកងទ័ពចំនួន ៣២៦គ្រួសារកំពុងស្នាក់នៅស្រុកអង្គរជ័យ ខេត្តកំពត។
នាឱកាសនោះដែរ ឯកឧត្តមបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម អនុប្រធានទី១ នៃរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹកគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលភៀសសឹក មកកាន់ទីសុវត្ថិភាព ជៀសពីការឈ្លានពានពីយោធាសៀម។
អំណោយសម្រាប់ចែកជូនគ្រួសារភៀសសឹកចំនួន ៣២៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានមី ទឹកត្រី ទឹកស៊ីអីវ ទឹកបរិសុទ្ធ អង្ករ និងថវិកាមួយចំនួន។
ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលស្រុក អភិបាលរងស្រុក មេឃុំ មេភូមិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ៕




