លោកស្រី Delcy Rodriguez ប្រធានាធិបតីស្ដីទីនៃប្រទេសវ៉ណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ (ទី២៤ ខែមករា) បានអំពាវនាវឲ្យមានការពិភាក្សាជាមួយគណបក្សប្រឆាំង ដើម្បីឈានដល់ «កិច្ចព្រមព្រៀង" សម្រាប់សន្តិភាព ដោយការលើកឡើងនេះមានរយៈពេល ៣សប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិក បានទម្លាក់អតីតមេដឹកនាំរបស់លោកស្រី គឺលោក Nicolas Maduro។
តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ អំឡុងពេលនិយាយចេញពីរដ្ឋឆ្នេរ La Guaira លោកស្រី Rodriguez បានបញ្ជាក់ថា៖ «មិនអាចមានការខ្វែងគំនិតគ្នាខាងនយោបាយ ឬបក្សពួកទៀតទេ នៅពេលនិយាយអំពីសន្តិភាព នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា»។ លោកស្រីបានបន្ថែមថា៖ «ទោះបីជាមានទស្សនៈនយោបាយខុសគ្នាក៏ដោយ យើងត្រូវតែនិយាយគ្នាទៅវិញទៅមកដោយក្ដីគោរព។ ទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយ យើងត្រូវតែមកជួបជុំគ្នា និងឈានដល់កិច្ចព្រមព្រៀង»។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់សារព័ត៌មាន Reuters នៅមុននេះថា លោកស្រី Rodriguez នឹងទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដែលជាសញ្ញានៃការបើកចំហរបស់ប្រធានាធិបតី លោក Donald Trump ក្នុងការចូលរួមជាមួយមេដឹកនាំថ្មីរបស់ប្រទេសដែលសម្បូរប្រេងមួយនេះជាលើកដំបូងក្នុងរយៈពេលជាង ២៥ឆ្នាំ។
គួរបញ្ជាក់ថា នៅដើមខែមករា ឆ្នាំ២០២៦ នេះ កងកម្លាំងយោធាសហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងរដ្ឋធានីរបស់ប្រទេសវ៉េណេស៊ុយអេឡា ដែលបណ្តាលឲ្យមានការចាប់ខ្លួនលោកប្រធានាធិបតី Maduro និងភរិយារបស់លោក ដែលក្រោយមកត្រូវបាននាំទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមនឹងការចោទប្រកាន់ ទាក់ទងនឹងគ្រឿងញៀន៕
