ការដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់សំខាន់ៗជាច្រើននៃទីក្រុងសេអ៊ូល បានធ្វើឲ្យគ្រួសាររាប់រយគ្រួសារគ្មានប្រព័ន្ធកម្តៅ ដែលនាំឲ្យប្រជាជនរស់នៅក្រោមសីតុណ្ហភាពត្រជាក់ខ្លាំង ខណៈដែលរលកត្រជាក់កាន់តែខ្លាំង បានគ្របដណ្ដប់ពាសពេញឧបទ្វីបកូរ៉េ។
យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ បានឲ្យដឹងថា សីតុណ្ហភាពនៅថ្ងៃអាទិត្យ (ទី២៥ ខែមករា ឆ្នាំ២០២៦) នេះ គឹត្រជាក់ជាងថ្ងៃមុន ដោយសីតុណ្ហភាពទាបបំផុត នាពេលព្រឹកគឺប្រហែលដក ១០អង្សាសេ នៅទូទាំងប្រទេស ហើយខ្យល់ខ្លាំង បានធ្វើឲ្យកាន់តែចុះត្រជាក់បន្ថែមទៀត។ នៅក្នុងរដ្ឋធានីសេអ៊ូល សីតុណ្ហភាពទាបបំផុត នាពេលព្រឹក បានធ្លាក់ចុះដល់ដក ១១អង្សាសេ។

អាកាសធាតុត្រជាក់ត្រូវបានគេព្យាករថា នឹងបន្តមានរហូតដល់ពាក់កណ្តាលសប្តាហ៍ក្រោយ ដោយសីតុណ្ហភាពនាពេលព្រឹក នៅក្នុងតំបន់ជាច្រើនរបស់ប្រទេស នៅតែមានកម្រិតជិតដក ១០អង្សាសេ។
ទីភ្នាក់ងារអាកាសធាតុបានជំរុញឲ្យមានការប្រុងប្រយ័ត្នបន្ថែម ដោយណែនាំមនុស្សចាស់ កុមារតូចៗ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឲ្យចៀសវាងការមានសកម្មភាពក្រៅផ្ទះតាមដែលអាចធ្វើទៅបាន និងថែរក្សាសុខភាពរបស់ពួកគេ ក្នុងអំឡុងសីតុណ្ហភាពចុះត្រជាក់ខ្លាំង និងមានរយៈពេលយូរនេះ៕
