ផ្ទាំងគំនូរលើជញ្ជាំងថ្មីមួយដែលបានដាក់បង្ហាញនៅក្នុងទីលានចតុរង្គកណ្តាលទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យ មានការព្រមានដោយផ្ទាល់ពីអ៊ីរ៉ង់ទៅកាន់សហរដ្ឋអាមេរិក កុំឱ្យព្យាយាមវាយប្រហារដោយយោធាមកលើប្រទេសនេះ។
រូបភាពគំនូរនៃយន្តហោះដែលខូចខាតជាច្រើននៅលើនាវាផ្ទុកយន្តហោះមានពាក្យស្លោកថា "ប្រសិនបើអ្នកសាបព្រោះខ្យល់ អ្នកនឹងច្រូតកាត់ខ្យល់ព្យុះ"។

ការបង្ហាញគំនូរលើជញ្ជាំងនៅទីលាន Enghelab បានកើតឡើង ខណៈនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln និងក្រុមនាវាចម្បាំងអមដំណើរកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់នេះ។ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា នាវាទាំងនោះនឹងត្រូវបានផ្លាស់ទី "ក្នុងករណី" ដែលលោកសម្រេចចិត្តចាត់វិធានការ។
លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកលោកមានកងនាវាដ៏ធំមួយកំពុងធ្វើដំណើរក្នុងទិសដៅនោះ ហើយសង្ឈឹមថាពួកលោកប្រហែលជាមិនចាំបាច់ប្រើទេ។ភាពតានតឹងនេះបានកើតឡើងចាប់តាំងពីការព្រមានដាក់គ្នាឥតឈប់ដោយសារការតវ៉ាដ៏ហិង្សាបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់នៅអ៊ីរ៉ង់ចាប់តាំងពីចុងខែធ្នូឆ្នាំមុន។
ទីលានចតុរង្គ Enghelab ត្រូវបានប្រើសម្រាប់ការជួបជុំអំពាវនាវដោយរដ្ឋ ហើយក្រុមអាជ្ញាធរផ្លាស់ប្តូរគំនូរជញ្ជាំងរបស់ខ្លួនដោយផ្អែកលើស្ថានភាពជាក់ស្ដែងក្នុងប្រទេសនេះ។ កាលពីថ្ងៃសៅរ៍ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានថា កងកម្លាំងរបស់លោក «ត្រៀមខ្លួនជាស្រេចជាងពេលណាៗទាំងអស់ ដោយគ្រាន់តែចុចប៊ូតុងអាវុធរបស់ខ្លួនប៉ុណ្ណោះ៕

