តម្លៃមាសសកល បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន លើសពី ៥.០០០ដុល្លារ ក្នុងមួយអោន នៅថ្ងៃចន្ទ (២៦ មករា) នេះ ខណៈវិនិយោគិនបានងាកទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ស្របពេលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើងកាន់តែខ្លាំងនៅជុំវិញពិភពលោក។

តម្លៃមាសចរាចរលើទីផ្សារ ឬហៅថា Spot Gold បានកើនឡើង ០,៨៥% នៅតម្លៃ ៥.០២៤,៩៥ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល (GMT) ២៣:៤១នាទី ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក សម្រាប់ការចែកចាយខែកុម្ភៈ បានកើនឡើង ០,៩១% ដល់ ៥.០២៤,៦០ដុល្លារ។ គួរឱ្យដឹងថា មួយអោនទម្ងន់ប្រហែលជាង ២៨ក្រាម។

ពេញមួយឆ្នាំ២០២៥ មាសបានឡើងថ្លៃដល់ទៅ ៦៤% ដែលគាំទ្រដោយកត្តាជាច្រើនដូចជា តម្រូវការទ្រព្យសម្បត្តិសុវត្ថិភាពជាប់លាប់ ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក ការទិញចូលវិញដ៏រឹងមាំពីធនាគារកណ្តាល និងកំណត់ត្រាលំហូរចូលទៅក្នុងមូលនិធិប្តូរប្រាក់។ គិតត្រឹមដើមឆ្នាំ២០២៦នេះ តម្លៃមាសបានកើនឡើងជាង ១៦% ទៅហើយ។
លោក Philip Newman នាយកនៅស្ថាប័នប្រឹក្សាយោបល់ស្រាវជ្រាវផ្នែកលោហធាតុមានតម្លៃ Metals Focus បាននិយាយថា «ស្ថាប័នរបស់លោករំពឹងថា មាសនឹងឡើងថ្លៃបន្ថែមទៀត ហើយការព្យាករបច្ចុប្បន្នរបស់ស្ថាប័នអន្តរជាតិមួយនេះបង្ហាញថា តម្លៃមាសនឹងឡើងដល់កម្រិតប្រហែល ៥.៥០០ដុល្លារ ក្នុងមួយអោននៅចុងឆ្នាំ២០២៦ នេះ»។
កត្តារុញច្រានធំៗនៅពីក្រោយកំណើននេះ មានដូចជា ភាពរកាំរកូសកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអង្គការណាតូ លើបញ្ហាកោះហ្រ្គីនលែន ដោយសារការរំពឹងទុកពីភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ និងភូមិសាស្ត្រនយោបាយកាន់តែច្រើន។ ចំណែកបញ្ហាអ៊ុយក្រែន និងរុស្ស៊ី នៅតែជាកត្តារុញច្រានដ៏ធំ ខណៈកិច្ចពិភាក្សាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃសៅរ៍ បានបញ្ចប់ទៅដោយពុំមានកិច្ចព្រមព្រៀងជាក់លាក់ណាមួយនោះទេ៕