ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បាននិយាយនៅថ្ងៃចន្ទ (២៦ មករា) នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់លិចសាឡាងចម្លងមួយគ្រឿង នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ១៥នាក់ ដោយមានមនុស្ស ៣១៦នាក់ ត្រូវបានជួយសង្គ្រោះ ខណៈក្រុមមន្រ្តីកំពុងតាមស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលនៅតែបាត់ខ្លួន។

គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងក្នុងស្រុក ១:៥០ ទាបភ្លឺថ្ងៃចន្ទនេះ ក្នុងពេលដែលសាឡាងដឹកអ្នកដំណើរមួយគ្រឿង ឈ្មោះ MV Trisha Kerstin 3 កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Jolo ក្នុងខេត្ត Sulu របស់ហ្វីលីពីន បន្ទាប់ពីចាកចេញពីទីក្រុង Zamboanga។ ឆ្មាំល្បាតឆ្នេរ PCG បាននិយាយថា សាឡាងនេះ — ដែលមានសមត្ថភាពផ្ទុកមនុស្សបានចំនួន ៣៥២នាក់ — មានអ្នកដំណើរចំនួន ៣៣២នាក់ និងបុគ្គលិកចំនួន ២៧នាក់។
លោក Romel Dua មេបញ្ជាការកងឆ្មាំល្បាតឆ្នេរនៃស្រុក Mindanao ភាគខាងត្បូង បាននិយាយថា ក្រុមស្វែងរក និងជួយសង្គ្រោះ កំពុងបន្តរុករកដែនទឹកតំបន់នោះ ហើយស្ថានភាពរលកស្ងប់បានជួយពន្លឿនប្រតិបត្តិការតាមរកមនុស្ស ២៨នាក់ ដែលនៅតែបាត់ខ្លួន។ លោកបន្តថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់មូលហេតុនៃគ្រោះថ្នាក់នេះ ហើយយន្តហោះយោធា និងនាវា ត្រូវបានដាក់ពង្រាយដើម្បីជួយដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។
គួរឱ្យដឹងថា ហេតុការណ៍ដ៏សោកសៅបែបនេះ មិនមែនជារឿងខុសធម្មតាទេនៅហ្វីលីពីន។ មនុស្សរាប់សិបនាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារគ្រោះថ្នាក់សាឡាងនៅក្នុងប្រទេសនេះ ដែលជាប្រជុំកោះមួយមានកូនកោះជាង ៧.០០០កោះ ហើយមានកំណត់ត្រាមិនសូវស៊ីសង្វាក់គ្នាលើសុវត្ថិភាពផ្លូវសមុទ្រ៕

