នៅថ្ងៃចន្ទ (២៦ មករា) នេះ តម្លៃប្រេងសកលមានភាពរង្គោះរង្គើមិនទៀងទាត់ ដោយបានធ្លាក់ចុះបន្តិច បន្ទាប់ពីកើនឡើងជាង ២% នៅក្នុងវគ្គជួញដូរមុន ក្រោមក្តីបារម្ភអំពីការផ្គត់ផ្គង់ និងហានិភ័យភូមិសាស្ត្រនយោបាយ ខណៈមានការរំខានដល់ផលិតកម្មនៅក្នុងតំបន់ផលិតប្រេងឆៅសំខាន់ៗរបស់សហរដ្ឋអាមេរិក ដោយសារតែព្យុះរដូវរងាដ៏ធំ។

សន្ទស្សន៍ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៧សេន ឬ ០,១% មកនៅត្រឹម ៦៥,៨១ដុល្លារ ក្នុងមួយបារ៉ែល នៅម៉ោងសកល ០២:២១ នាទីទាបភ្លឺថ្ងៃចន្ទនេះ ខណៈប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក មានតម្លៃ ៦១,០១ដុល្លារ ក្នុងមួយបារ៉ែល ពោលគឺ ធ្លាក់ចុះ ៦សេន ឬ ០,១%។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ សន្ទស្សន៍គោលទាំងពីរបានកត់ត្រាកំណើនប្រចាំសប្តាហ៍ដល់ទៅ ២,៧% នៅចំណុចខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៤ ខែមករា មក។ ភាពប្រែប្រួលទាំងនេះ កើតឡើងស្របពេលភាពតានតឹងភូមិសាស្រ្តនយោបាយកាន់តែឡើងកម្ដៅ ដោយក្រុមប្រយុទ្ធនៃនាវាផ្ទុកយន្តហោះយោធាអាមេរិក និងទ្រព្យសម្បត្តិយោធាផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងទៅដល់មជ្ឈិមបូព៌ា ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ខណៈភាពតានតឹងជាមួយអឹរ៉ុង់ នៅមិនទាន់ថមថយ។
តម្លៃប្រេងក៏រងភាពរង្គោះរង្គើ បន្ទាប់ពីក្រុមអ្នកវិភាគរបស់ស្ថាប័នអន្តរជាតិ JPMorgan បាននិយាយនៅក្នុងកំណត់ចំណាំមួយនាថ្ងៃចន្ទនេះថា ការផលិតប្រេងឆៅប្រហែល ២៥០.០០០បារ៉ែល ក្នុងមួយថ្ងៃ ត្រូវបានបាត់បង់នៅសហរដ្ឋអាមេរិក ដោយសារតែអាកាសធាតុអាក្រក់ រួមទាំងការធ្លាក់ចុះនៅក្នុងវាលប្រេង Bakken នៅរដ្ឋ Oklahoma និងផ្នែកខ្លះនៃរដ្ឋ Texas៕

