កិច្ចចរចាសន្តិភាពនឹងបន្តនៅសប្តាហ៍ក្រោយរវាងអ៊ុយក្រែន និងរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការសន្ទនាថ្មីៗបំផុតគឺមានលក្ខណៈស្ថាបនា។

លោក Zelenskyy បានបង្ហោះថា ចំណុចស្នូលនៃការពិភាក្សា គឺលក្ខខណ្ឌដែលអាចធ្វើទៅបានសម្រាប់ការបញ្ចប់សង្គ្រាម។លោកឱ្យតម្លៃយ៉ាងខ្លាំងចំពោះការយល់ដឹងអំពីតម្រូវការសម្រាប់ការត្រួតពិនិត្យ និងការយកចិត្តទុកដាក់របស់អាមេរិកលើដំណើរការនៃការបញ្ចប់សង្គ្រាម និងធានាសន្តិសុខពិតប្រាកដ។
រុស្ស៊ី និងអ៊ុយក្រែន បានបញ្ចប់កិច្ចពិភាក្សារយៈពេល២ថ្ងៃក្រោមការសម្របសម្រួលដោយអាមេរិកកាលពីថ្ងៃសៅរ៍២៤មករា ដោយគ្មានកិច្ចព្រមព្រៀង ក្រោយការវាយប្រហារទាំងយប់របស់រុស្ស៊ី ដែលបានបណ្ដាលឲ្យដាច់បណ្ដាញថាមពលអគ្គិសនី ធ្វើឲ្យពលរដ្ឋអ៊ុយក្រែនជាង១លាននាក់គ្មានកម្ដៅ ស្របពេលសីតុណ្ហភាពត្រជាក់ក្រោមសូន្យក្នុងរដូវរងា។
លោក Zelenskyy បានប្រាប់សារព័ត៌មាន The Associated Press ថា កិច្ចចរចានៅទីក្រុង Abu Dhabi អារ៉ាប់រួម ទំនងជាទម្រង់ត្រីភាគីដំបូងក្នុងរយៈពេល “យូរណាស់មកហើយ” ដែលមិនត្រឹមតែរួមបញ្ចូលអ្នកការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងយោធាមកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ីផងដែរ។
មន្ត្រីអាមេរិកម្នាក់ដែលពាក់ព័ន្ធនឹងកិច្ចចរចានេះ បានបញ្ជាក់ថា គ្រប់ភាគីទាំងអស់នឹងត្រឡប់ទៅ ទីក្រុង Abu Dhabi វិញនៅថ្ងៃទី ១ ខែកុម្ភៈ។
ខណៈកិច្ចចរចាកំពុងដំណើរការ សារព័ត៌មាន The Guardian បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួនបានបញ្ចប់ការដណ្តើមយកបានភូមិ Starytsia។ ភូមិនេះនៅជិតព្រំដែនអ៊ុយក្រែន-រុស្ស៊ី៕


