នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនឯកជន និងវិទ្យាស្ថានជាតិពហុបច្ចេកទេសព្រះសុកុមៈ បានរៀបចំសិក្ខាសាលាស្តីពី “ការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា” នៅវិទ្យាល័យព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។
សិក្ខាសាលាស្តីពី “ការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា” រៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា ៖ ការដោះស្រាយបញ្ហាគម្លាតជំនាញ , ការកាត់បន្ថយការបោះបង់ការសិក្សា, ការកសាងមូលធនមនុស្ស , ការផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត និងការភ្ជាប់ជាមួយនូវឱកាសអាហារូបករណ៍ វគ្គអប់រំបណ្តុះបណ្តាល និងឱកាសការងារដោយផ្ទាល់ពីគ្រឹះស្ថានអប់រំសិក្សា និងរោងចក្រសហគ្រាសជំនាញជាដើម។
ក្នុងកម្មវិធីនេះ តំណាងក្រុមហ៊ុនឯកជន និងវិទ្យាស្ថានបណ្តុះបណ្តាលជំនាញ បានធ្វើបទបង្ហាញតម្រង់ទិសទៅកាន់សិស្សានុសិស្ស ឱ្យបានយល់ដឹងអំពីឱកាសការងារ និងអាជីពការងារ ជាពិសេសការត្រៀមខ្លួនជាមុន ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២ ឬហៅថា ថ្នាក់បាក់ឌុប។
សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះនាយកវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានសង្ឃដីកាថា កម្មវិធីសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមតម្រង់ទិសដល់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ ឱ្យមានការសម្រេចចិត្តច្បាស់លាស់ មុននឹងចាប់យកជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនាពេលអនាគត។
មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានលើកឡើងឱ្យដឹងថា ក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងការប្រែប្រួលយ៉ាងរហ័សនៃតម្រូវការជំនាញក្នុងទីផ្សារកាងារកម្ពុជា NEA បាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងាករងារ ។ ក្នុងនោះការរៀបចំសិក្ខាសលានេះ គឺជាយុទ្ធសាស្រ្តដ៏សំខាន់ ដែល NEA តែងតែអនុវត្តយ៉ាងជាប់លាប់នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដើម្បីឆ្លើយតបទៅនឹងបញ្ហា “គម្លាតជំនាញ” និងដោះស្រាយ កង្វះព័ត៌មានទីផ្សារការងារ សម្រាប់យុវជន។
ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងវិវត្តទៅរកយុគ្គសម័យឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ការអភិវឌ្ឍមូលធនមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ គឺជាកិច្ចការអាទិភាពបំផុត៕ អត្ថបទ៖ ឈិត បូរ៉ាវី



