មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី ភូមិភាគឦសាន នៃប្រទេសកម្ពុជា មានឈ្មោះល្បីល្បាញជាខ្លាំងលើវិស័យទេសចរណ៍ មានតំបន់ប្រជុំភ្នំ វាលស្មៅ ព្រៃព្រឹក្សា ទឹកអូរ ទឹកជ្រោះ ជាច្រើនកន្លែង។ បច្ចុប្បន្នទីតាំងទេសចរណ៍តូចៗ ជាច្រើនបន្ថែមទៀត ត្រូវបានបង្កើតឡើងដើម្បីបំពេញទៅតាមចំណង់ចំណូលចិត្តទេសចរ។
នៅឆ្នាំ២០២២នេះ វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី បានកម្រើកឡើងវិញ ក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល។
ជារៀងរាល់សប្ដាហ៍ ទេសចរ តែងទៅកម្សាន្តជាហូរហែរ ហើយតំបន់ដែលអ្នកទេសចរគួរទស្សនាកម្សាន្ត មានដូចជាតំបន់ភូមិពូតាំង តំបន់ភូមិដំណាក់នាគ ដែលទីនោះសម្បូរទៅដោយរីសតស្នាក់នៅយ៉ាងសម្បូរបែប។ អ្នកទេសចរអាចសម្រាកនៅរីសតទាំងនោះ និងលេងកម្សាន្តគយគន់ទេសភាពដ៏ល្អឯកពីកន្លែងនោះតែម្ដង។
ក្រៅពីនេះ នៅក្នុងស្រុកអូររាំង គេតែងតែស្គាល់ភ្នំអណ្ដូងស្នេហ៍ ប៉ុន្តែកន្លែងដ៏ស្រស់ស្អាតផ្សេងទៀត មានដូចជាវាល ភ្នំស្មៅនៅទីតាំងព្រលានយន្តហោះ ដែលនៅទីនោះ អ្នកទេសចរ នឹងបានឃើញភ្នំវាលស្មៅដាច់កន្ទុយភ្នែក ជាមួយនឹងខ្យល់ អាកាសយ៉ាងត្រជាក់ គឺពិតជាមានទេសភាពប្លែកភ្នែកខ្លាំងណាស់ មិនតែប៉ុណ្ណោះនៅក្បែរនោះ មានរមណីយដ្ឋានទឹកធ្លាក់លែងអង លែងឃិន ដែលកំពុងល្បីល្បាញ អ្នកទេសចរនិយមទៅកម្សាន្ត។
ចំណែកនៅស្រុកពេជ្រាដា មានភ្នំណាមលៀ ជាភ្នំថ្មម៉ាបមួយដុំដ៏មហិមា មានចម្ងាយប្រហែលជាង ២០គីឡូម៉ែត្រ ពីរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ហើយឡើងដល់លើកំពូលភ្នំ មានទេសភាពស្អាត និងជាកន្លែងទេសចរណ៍ស្ទើរតែគ្មានពីរ។
ស្រុកពេជា្រដានេះដែរ ក្នុងឃុំពូជ្រៃ ទើបតែមានការបង្កើតឡើងនូវកន្លែងទេសចរណ៍ថ្មីមួយ ដែលសូម្បីពលរដ្ឋនៅខេត្ត មណ្ឌលគិរី ក៏មិនសូវបានស្គាល់ ប៉ុន្តែទីនោះពិតជាប្លែកខុសកន្លែងដទៃ ព្រោះអ្នកទេសចរ អាចកម្សាន្តបានជាមួយការចែវទូកលេង មើលព្រៃលិចទឹក តាមជ្រលងដងអូរដ៏ស្រស់ស្អាត។ ក្នុងឃុំពូជ្រៃនេះ ក៏មានសួនសត្វមួយកន្លែង ដែលមានសត្វ ព្រៃជាច្រើនប្រភេទ សម្រាប់អ្នកទេសចរទស្សនា ឬលេងកម្សាន្តជាមួយ។
ខេត្តមណ្ឌលគិរី នៅមានទីតាំងទេសចរណ៍ជាច្រើនទៀតសម្រាប់ទេសចរទៅទស្សនាលេងកម្សាន្ត ប៉ុន្តែអ្នកទេសចរ មិនអាចរកផ្លូវទៅតាមប្រព័ន្ធ Google Maps ឃើញនោះទេ លុះត្រាតែមកដល់ខេត្តមណ្ឌលគិរី ហើយសាកសួរព័ត៌មានអំពី កន្លែងទេសចរណ៍ពីប្រជាពលរដ្ឋនៅទីនេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឱ្យដឹងថា ឆ្នាំនេះ មានទីតាំងទេសចរណ៍តូចៗជាច្រើន ត្រូវបានបង្កើតឡើង ប៉ុន្តែកន្លែងដែលមានការវិនិយោគធំៗ មិនទាន់មាននោះទេ៕អត្ថបទ៖ អ៊ិត ភីរុណ







