កាលពីថ្ងៃអាទិត្យ (២៥ មករា) លោកប្រធានាធិបតីអាមេរិក Donald Trump និងក្រុមមន្ត្រី បាននិយាយការពារការបង្ក្រាបយ៉ាងខ្លាំងក្លាលើអន្តោប្រវេសន៍ បន្ទាប់ពីការបាញ់ប្រហារបណ្ដាលឱ្យស្លាប់មួយករណីទៀត ដោយភ្នាក់ងារសហព័ន្ធលើពលរដ្ឋអាមេរិកម្នាក់នៅទីក្រុង Minneapolis ខណៈវីដេអូពីហេតុការណ៍បានបង្ហាញផ្ទុយពីការអះអាងរបស់រដ្ឋាភិបាល ហើយភាពតានតឹងចេះតែកើនឡើង ស្របពេលបាតុកម្មយ៉ាងទូលំទូលាយ។

នៅក្រោមសីតុណ្ហភាពដ៏ត្រជាក់និងព្រិលធ្លាក់ ហ្វូងអ្នកស្រុកបានទៅដាក់ផ្កានិងទៀន ដើម្បីរំលឹកដល់ការបាញ់សម្លាប់ពលរដ្ឋអាមេរិកឈ្មោះលោក Alex Pretti កាលពីថ្ងៃសៅរ៍ ក្នុងអ្វីដែលក្រុមមន្ត្រីរដ្ឋបាលរបស់លោក Trump អះអាងថា បុរសរូបនេះបានវាយប្រហារមន្ត្រីនគរបាល ទើបពួកគេបង្ខំចិត្តបាញ់ «ការពារខ្លួន»។ លោក Pretti គឺជាជនជាតិអាមេរិកទីពីរហើយ ដែលត្រូវបានបាញ់សម្លាប់ដោយមន្ត្រីអន្តោប្រវេសន៍សហព័ន្ធនៅខែមករានេះ ក្នុងទីក្រុង Minneapolis។
ក្នុងសារមួយលើបណ្ដាញសង្គមកាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថា ប្រតិបត្តិការនេះគឺជាចំណុចសំខាន់នៃជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ របស់លោក និងការគ្រប់គ្រងលើសភារបស់បក្សសាធារណរដ្ឋ។ លោកបន្តថា «ជាអកុសល ពលរដ្ឋអាមេរិក ២នាក់បានបាត់បង់ជីវិត ដោយសារតែភាពវឹកវរដែលបង្កឡើងដោយពួកសមាជិកបក្សប្រជាធិបតេយ្យ»។
ការរៀបរាប់ពី «ការបាញ់ការពារខ្លួន» របស់មន្រ្តីសហព័ន្ធ ហាក់ផ្ទុយនឹងវីដេអូដែលថតបានដោយអ្នកឃើញហេតុការណ៍។ វីដេអូនៃការបាញ់ប្រហារនៅថ្ងៃសៅរ៍ ដែលផ្ទៀងផ្ទាត់ដោយសារព័ត៌មានរ៉យទ័រ បង្ហាញឱ្យឃើញថា បុរសឈ្មោះ Pretti វ័យ ៣៧ឆ្នាំរូបនោះ កំពុងកាន់ទូរសព្ទ មិនមែនជាកាំភ្លើងទេ ដោយថតហេតុការណ៍ក្នុងអំឡុងបាតុកម្ម ហើយពេលនោះ លោកព្យាយាមរុលទៅជួយអ្នកតវ៉ា ដែលប៉ះទង្គិចជាមួយភ្នាក់ងារ។ មួយសន្ទុះក្រោយមក មន្ត្រីម្នាក់តម្រង់កាំភ្លើងទៅខ្នងលោក Pretti ហើយបាញ់ ៤គ្រាប់ជាប់ៗ ខណៈស្នូរកាំភ្លើងជាច្រើនគ្រាប់ទៀតត្រូវបានគេឮ នៅពេលដែលភ្នាក់ងារម្នាក់ទៀតហាក់កំពុងបាញ់សំដៅលើបុរសរងគ្រោះរូបនោះ៕



