ធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ២០២៥ បានបោះផ្សាយមូលបត្ររដ្ឋចំនួន ១១ លើក មានទំហំទឹកប្រាក់សរុបជាង ៤១០ ប៊ីលានរៀល ត្រូវប្រមាណ ៧០ លានដុល្លារអាម៉េរិក ក្នុងផែនការដែលបានកំណត់ ១២៣លានដុល្លារអាម៉េរិក។
ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២៥ បានបន្តចូលរួមអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ដោយបានសម្របសម្រួលដល់ការ បោះផ្សាយមូលបត្ររដ្ឋ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំនួន១១លើក ក្នុងទំហំទឹកប្រាក់សរុបជាង ៤១០ ប៊ីលានរៀល និង ៧០ លានដុល្លារអាមេរិក ក្នុងផែនការដែលបានកំណត់ ១២៣ លានដុល្លារអាម៉េរិក, ក្នុងនោះទូទាត់គូប៉ុងសរុបមានចំនួន ៤០ លើក និងទូទាត់ប្រាក់ដើមចំនួន ៦ លើក, នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា។
ចំពោះមូលបត្ររដ្ឋឥណប្រតិទាន ១ ឆ្នាំ, មានអត្រាគូប៉ុងជាមធ្យម ២,៧៥% និងអត្រាចំណូលដេញថ្លៃឈ្នះជាមធ្យម ៣,១៥%, ឥណប្រតិទាន ២ ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៣,២០%, ឥណប្រតិទាន ៣ ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៣,៤៨% និង អត្រាចំណូលដេញថ្លៃឈ្នះជាមធ្យម ៣,៩៩%, ឥណប្រតិទាន៥ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៤,២១% និងអត្រាចំណូលដេញថ្លៃ ឈ្នះជាមធ្យម ៤,៥% ហើយឥណប្រតិទាន ១០ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៤,៦០%។
លើសពីនេះ ធនាគារជាតិនៃកម្ពុជា បានសម្របសម្រួលឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែលជាអន្តរការីមូលបត្ររដ្ឋ ចំនួន១ (ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ស៊ីឃ្យូរីធី ម.ក) ចូលជាសមាជិកថ្នាល NBCP ហើយបានចូលរួមដេញថ្លៃមូលបត្ររដ្ឋ ដោយជោគជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៃការបោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣៩។ ទន្ទឹមនេះ, ក្រុមការងារមូលបត្ររដ្ឋ ធនាគារជាតិ នៃកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយអន្តរការីមូលបត្ររដ្ឋចំនួន ១ និងបានចូលរួមសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកម្មវិធីផ្សព្វផ្សាយលក់មូលបត្ររដ្ឋដល់វិនិយោគិនសក្ដានុពលចំនួន ២ដង ដើម្បីបន្តជំរុញការចូលរួមបន្ថែមពីបណ្តវិនិយោគិន។
ចំណែកនៅក្នុងឆ្នាំ២០២៦នេះ, រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២ ១១៤ ប៊ីលានរៀល សមមូល នឹងប្រមាណ ៥២៤ លានដុល្លារអាម៉េរិក ដើម្បីផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល ក្នុងគោលដៅធានាដល់ការវិនិយោគ និង ចីរភាព នៃការគ្រប់គ្រងបំណុល និងថវិកាជាតិ៕ អត្ថបទ៖ សុន រ៉ាឌី
