ចៅក្រមសហព័ន្ធមួយរូបបានរារាំងការជំរុញរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចប់ស្ថានភាពស្របច្បាប់របស់ជនអន្តោប្រវេសន៍ជាង ៨.៤០០នាក់ នៃសមាជិកគ្រួសាររបស់ពលរដ្ឋអាមេរិក និងអ្នកកាន់បណ្ណបៃតង (Green Card) ដែលបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ពីប្រទេសចំនួន៧ នៅអាមេរិកឡាទីន។

ចៅក្រមប្រចាំតំបន់របស់អាមេរិក មានមូលដ្ឋាននៅទីក្រុងបូស្តុន គឺលោកស្រី Indira Talwani បានចេញដីកាបង្គាប់បឋមមួយ កាលពីយប់ថ្ងៃសៅរ៍ (២៤ មករា) ដែលរារាំងក្រសួងសន្តិសុខមាតុភូមិ មិនឱ្យបញ្ចប់ស្ថានភាពស្របច្បាប់អន្តោប្រវេសន៍ ក្រោមកម្មវិធីលើកលែងសម្រាប់មនុស្សធម៌ ដែលផ្តល់ឱ្យមនុស្សរាប់ពាន់នាក់មកពីគុយបា ហៃទី កូឡុំប៊ី អេក្វាឌ័រ អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា និងហុងឌុយរ៉ាស។

ប្រជាជនមកពីប្រទេសទាំងនោះត្រូវបានអនុញ្ញាតឱ្យទៅរស់នៅអាមេរិក ក្រោមកម្មវិធី «លើកលែងសម្រាប់ការជួបជុំគ្រួសារ» ដែលត្រូវបានបង្កើតឡើងឬធ្វើទំនើបកម្ម ដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន។ ក្រោមកម្មវិធីជួបជុំគ្រួសារនេះ ពលរដ្ឋអាមេរិក ឬអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ដែលគេស្គាល់ថាជាអ្នកកាន់បណ្ណបៃតង អាចដាក់ពាក្យស្នើសុំធ្វើជាអ្នកឧបត្ថម្ភសម្រាប់សមាជិកគ្រួសារក្នុងប្រទេសទាំង៧ នោះ ដោយអនុញ្ញាតឱ្យពួកគេរស់នៅក្នុងសហរដ្ឋអាមេរិក អំឡុងពេលរង់ចាំទិដ្ឋាការអន្តោប្រវេសន៍ស្របច្បាប់របស់ពួកគេ។

ក្រសួងសន្តិសុខមាតុភូមិ បាននិយាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំមុនថា ខ្លួនកំពុងបញ្ចប់កម្មវិធីទាំងនោះ ដោយផ្អែកលើហេតុផលថា កម្មវិធីនេះមិនស៊ីសង្វាក់គ្នានឹងអាទិភាពអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោក Trump ឡើយ។ ដំបូងឡើយ ការបញ្ចប់ស្ថានភាពស្របច្បាប់ត្រូវកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី១៤ ខែមករា ប៉ុន្តែលោកស្រី Talwani ចេញដីកាហាមឃាត់ជាបណ្ដោះអាសន្ន ដែលរារាំងមិនឱ្យរដ្ឋបាលចាត់វិធានការនេះសម្រាប់រយៈពេល ១៤ថ្ងៃ ហើយលោកស្រីកំពុងពិចារណាថា តើត្រូវចេញដីការយៈពេលវែងជាងនេះដែរឬទេ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕