ប្រភពព័ត៌មានបាននិយាយប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសឥណ្ឌា មានគម្រោងកាត់បន្ថយពន្ធលើរថយន្តដែលនាំចូលពីសហភាពអឺរ៉ុប មកនៅត្រឹម ៤០% ពីកម្រិតខ្ពស់បំផុត ១១០% បច្ចុប្បន្ន ដែលជាការបើកទីផ្សារដ៏ធំទូលាយរបស់ខ្លួនក្នុងកម្រិតដ៏ធំបំផុតមិនធ្លាប់មានពីមុនមកចំពោះដៃគូប្លុកអឺរ៉ុប ខណៈភាគីទាំងពីរខិតជិតដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលអាចកើតឡើងជាផ្លូវការនៅថ្ងៃអង្គារ ទី២៧ ខែមករា សប្ដាហ៍នេះ។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) បានយល់ព្រមកាត់បន្ថយពន្ធភ្លាមៗ លើចំនួនរថយន្តមានកំណត់ មកពីប្លុកអឺរ៉ុបមានសមាជិក ២៧ប្រទេសមួយនេះ ដែលមានតម្លៃនាំចូលមួយគ្រឿងជាង ១៥.០០០ អឺរ៉ូ (១៧.៧៣៩ ដុល្លារ) នេះបើយោងតាមប្រភពដែលស្និទ្ធិនឹងកិច្ចពិភាក្សា។
ប្រភពបន្តថា អត្រានេះនឹងត្រូវបានបន្ទាបថែមទៀតមកនៅត្រឹម ១០% ក្នុងពេលខាងមុខ ដែលជួយសម្រួលដល់ការចូលទៅកាន់ទីផ្សារដ៏ធំរបស់ឥណ្ឌា សម្រាប់ក្រុមហ៊ុនផលិតរថយន្តល្បីៗរបស់អឺរ៉ុប ដូចជា Volkswagen ក្រុមហ៊ុន Mercedes-Benz និង BMW ជាដើម។
ឥណ្ឌា និងសហភាពអឺរ៉ុប ត្រូវបានរំពឹងថា នឹងប្រកាសនៅថ្ងៃអង្គារស្អែកនេះ អំពីការបញ្ចប់កិច្ចចរចាដ៏អូសបន្លាយរបស់ភាគីទាំងពីរ សម្រាប់កិច្ចព្រមព្រៀងសញ្ញាពាណិជ្ជកម្មសេរី ហើយបន្ទាប់ពីនោះ ភាគីទាំងពីរនឹងសម្រេចចុងក្រោយលើព័ត៌មានលម្អិត និងផ្តល់សច្ចាប័នលើអ្វីដែលគេហៅថា «ច្បាប់ដើមនៃកិច្ចព្រមព្រៀងទាំងអស់»។ កិច្ចព្រមព្រៀងនេះ អាចពង្រីកពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់ការនាំចេញទំនិញរបស់ឥណ្ឌា ដូចជាវាយនភណ្ឌ និងគ្រឿងអលង្ការ ដែលបច្ចុប្បន្ន កំពុងរងផលប៉ះពាល់ដោយពន្ធគយ ៥០% របស់សហរដ្ឋអាមេរិក ចាប់តាំងពីចុងខែសីហា ឆ្នាំមុនមក៕

