រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

2026/01/26 12:53:55 pm        82

គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០២៥មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូត​ដល់​ក្រសួង និងស្ថាប័ន​នានា​ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​បាន​បំពេញ​ការងារ​យ៉ាង​សកម្ម​បំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាការយកចិត្ត​ទុក​ដាក់​ជួយ​ប្រជា​ពលរដ្ឋភៀសសឹកដោយចាត់ទុកជាកិច្ចការងារអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ នេះ​បើ​តាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះថា គិតចាប់តាំង​ពី​កម្ពុជា​ទទួល​រង​សង្គ្រាម​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ​កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់​លំដាប់​ថ្នាក់ ​ចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ក្រសួង និង​ស្ថាប័ន​នានា​ដែល​ជា​សេនា​ធិការ​របស់​រាជ​រដ្ឋាភិបាល​បានបំពេញការងារយ៉ាងសកម្មបំផុតដើម្បីការពារអធិបតេយ្យភាពជាតិ បូរណ​ភាព​ទឹ​ក​ដី​ ក៏ដូចជាការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋភៀសសឹក ដោយចាត់​ទុក​ជា​កិច្ច​ការ​ងារ​អាទិភាព​ចម្បង​បំផុត​របស់រាជរដ្ឋាភិបាល។

ជាក់ស្តែងក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ន​នានា​របស់​រាជ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញ្ញតិថ្កោលទោស និង​លិខិត​បក​ស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០ លើកក្នុងនោះមានដូចជា ក្រសួង​ការពារជាតិចំនួន ៣៨៣ លើក, ក្រសួងមហាផ្ទៃចំនួន ៨៣ លើក, ក្រសួង​វប្បធម៌ និង​វិចិត្រ​សីល្បៈ​ចំនួន ៦៤លើក, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៤៩លើក, គណៈ​កម្មាធិការ​សិទ្ធិមនុស្សកម្ពុជា ២៧ លើក, អាជ្ញាធរកម្ពុជា​គ្រប់​គ្រង​សកម្ម​ភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជ​នពិការដោយសារមីន ២៥លើក, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន២០ លើក, មជ្ឈ​មណ្ឌល​ម្ចាត់​មីនកម្ពុជា ១៦ លើក និងក្រសួងធម្មការនិងសាសនាចំនួន១លើក។

ដោយឡែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសហការណ៍ជាមួយក្រសួង ស្ថាប័ននានា ដោយ​មាន​ការ​សម្របសម្រួលពីបញ្ជាការដ្ឋានព័ត៌មានក៏បានរៀបចំធ្វើបច្ចុប្បន្នភាព(Press Briefing) ប្រចាំ​ថ្ងៃ​ចំនួនជិត ២០០ លើកដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋឬឆ្លើយតបជាមួយភាគីថៃ និង​បញ្ជាក់​ជំហរ​ច្បាស់​លាស់​របស់​កម្ពុជា​ចំពោះ​ការ​ការ​ពារ​អធិបតេយ្យភាព និង​បូរណ​ភាព​ទឹក​ដី​ជូន​ដល់​ប្រជា​ពលរដ្ឋខ្មែរក៏ដូចជាសហគមន៍អន្តរជាតិបានជ្រាប។

ក្រៅពីនោះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើ​បទ​បង្ហាញ​ចំនួន​១៤​លើក​ជូន​ប្រធាន និង​តំណាង​នៃ​ស្ថាន​បេសក​កម្មការ​ទូត និង​អង្គការ​អន្តរជាតិ​អំពី​បច្ចុប្បន្ន​ភាព​នៃ​ការ​វិវត្តន៍​ស្ថាន​ការណ៍តាមបណ្តោយព្រំដែនកម្ពុជាថៃ និងបានដឹកនាំអង្គទូត និង​អង្គការ​អន្តរជាតិ​ចុះ​ពិនិត្យ​មើល​ស្ថានភាពជាក់ស្តែងតាមបណ្តាខេត្តជាប់ព្រំដែនបាន៤លើក។ ចំណែកស្ថានតំណាងកម្ពុជានៅក្រៅប្រទេសក៏បានធ្វើចលនាការទូតយ៉ាងសកម្មដើម្បីឱ្យបណ្តាប្រទេស​ជា​មិត្ត និងសហគមន៍​អន្តរជាតិ​បាន​យល់​ពី​ការ​ពិត និង​ពី​ជំហរ​ដ៏​ត្រឹម​ត្រូវរ​បស់​កម្ពុជា​ក្នុង​ការ​ការពារ​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី​របស់​ខ្លួន​ដោយ​សន្តិ​វិធី​តាមគោល​ការណ៍​ច្បាប់​អន្តរជាតិ​។

ក្រសួងការពារជាតិក៏បានសម្របសម្រួលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នក​សង្កេត​កា​រ​ណ៍អា​ស៊ាន(AOT)ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពី​ស្ថាន​ភាព​នៅ​តាម​ព្រំដែន​ជា​បន្តបន្ទាប់ និងសម្របសម្រួលកិច្ចប្រេជុំ RBC និង GBC ជាច្រើនលើកទៀត។ ដោយ​ឡែក ​ក្រសួងព័ត៌មានក៏បានសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជា​ច្រើន​ចុះ​ទៅ​ដល់​តំបន់​ព្រំដែន​ដើម្បី​រាយ​ការណ៍​ព័ត៌មាន​អំពី​ការ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល និង​ផល​ប៉ះ​ពាល់​លើជ​នស៊ីវិល​ស្លូត​ត្រង់​កម្ពុជា​ដោយ​សារ​ការ​វាយ​ប្រហារ​ពី​យោធា​ថៃ​បំពាន​មក​លើ​ដែន​អធិបតេយ្យ​ភាពកម្ពុជា។ ទាំងអស់នេះសបញ្ជាក់អំពីការងារយ៉ាងសកម្ម មោះមុត ម៉ត់ចត់ និង​គ្រប់​ជ្រុង​ជ្រោយ​របស់​រាជ​រដ្ឋាភិបាល​លើ​គ្រប់​ចំណុច​ទាំង​អស់​ដោយ​គ្មាន​ខ្វះ​ចន្លោះ​ឬ​ធ្វេស​ប្រហែស​ឡើយ។

ងាក​ទៅមើលប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទី រាប់ទាំងព្រះសង្ឃ អ្នកសារព័ត៌មាន និង​អ្នក​មានឥទ្ធិពលក្នុងបណ្តាញសង្គម បានបង្ហាញស្មារតីស្នេហាជាតិ និងសាមគ្គីភាពយ៉ាង​រឹង​មាំ​ដោយ​រួម​គ្នាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹក​ដី​យ៉ាសក​ម្មក្លៀវ​ក្លា​ជាមួ​យ​រាជ​រដ្ឋាភិបាល​។ ប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើឡើងតាមគ្រប់រូបភាព ទាំងនៅលើ​បណ្តាញ​សង្គម​ នៅតាមវេទិកាសាធារណនានា ក៏ដូចជាការប្រមូលផ្តុំគ្នាដើម្បីបញ្ចេញសំឡេងតវ៉ា និង​ការ​ស្វះ​ស្វែង​រក​អន្ត​រាគមន៍​ពី​សហគមន៍​អន្តរជាតិ​ឱ្យ​ដឹង​លឺ និង​ជួយ​គាំទ្រ​បុព្វ​ហេតុ​ដ៏​ត្រឹម​ត្រូវ​របស់​កម្ពុជា​ក្នុង​ការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី តាមគោលការណ៍​ជាមូល​ដ្ឋាន និង​មិន​អាច​បដិសេធបាននៃច្បាប់អន្តរជាតិដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។ និយា​យ​ជារួម ទីណាមានប្រជាពលរដ្ឋខ្មែររស់នៅ ទីនោះមានសំឡេងការពារអធិបតេយ្យភាព និង​បូរណ​ភាពទឹកដីកម្ពុជាលាន់លឺយ៉ាងកងរំពង។ បន្ថែមពីលើនេះ សកម្មភាព​សប្បុរស​ធម៌​ដើម្បី​ជួយ​ដល់​វីរ​កងទ័ព និងវីរនគរបាលជាតិដែលឈរជើងនៅជួរមុខ ក៏ដូចជាជួយដល់ជនភៀសសឹក ក៏​កើត​មាន​យ៉ាងគគ្រឹគគ្រេងពីគ្រប់មជ្ឈដ្ឋាន។ នេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការការពារអធិបតេយ្យភាព និងបូរណភាព​ទឹក​ដី​កម្ពុជា​តាមរយៈ​ការរក្សា​ជំហរ​រឹង​មាំ​ និង​ស្រុះគ្នា​ជាសំឡេង​តែ​មួយ​រវាង​រាជរដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ​ដែល​ជា​កម្លាំងសាមគ្គី​ដ៏​រឹ​ង​មាំ​នៃ​ម​ហា​គ្រួសារ​ខ្មែរ​ ដើ​ម្បី​ថែ​រក្សា​ការពារ​បូរណភាព​ទឹកដី​ក្នុង​ដែន​អធិប​តេយ្យស្រ​បច្បាប់របស់ខ្លួនយ៉ាងប្តូរផ្តាច់បំផុតនិងឥតងាករេ។

អ្នកនាំពាក្យរាជ​រដ្ឋាភិបាលកម្ពុជា បញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺ​ង​ម៉ាត់​ក្នុង​ការ​ការពា​រ​ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯក​សារ​ពាក់​ព័ន្ធ​នានា​ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទ​ទួល​ស្គាល់​នូវ​ការ​កែប្រែខ្សែ​ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕ 


អត្ថបទដែលទាក់ទង

ទុនបម្រុងអន្តរជាតិកម្ពុជាឆ្នាំ២០២៥ បានបន្តក្នុងកម្រិតខ្ពស់ធានា​ដល់​ការ​នាំ​ចូល​ទំនិញ​ក្នុង​គ្រា​បន្ទាប់
2026/01/26 02:46:12 pm        1
ប្រតិបត្តិករទេសចរណ៍៖ វិបត្តិព្រំដែនកម្ពុជា-ថៃ ជំរុញឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍កាន់តែខ្លាំង
2026/01/26 02:43:51 pm        1
អភិបាលខេត្តកំពង់ចាម ស្នើសមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឱ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា
2026/01/26 02:39:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទុនបម្រុងអន្តរជាតិកម្ពុជាឆ្នាំ២០២៥ បានបន្តក្នុងកម្រិតខ្ពស់ធានា​ដល់​ការ​នាំ​ចូល​ទំនិញ​ក្នុង​គ្រា​បន្ទាប់

2026/01/26 02:46:12 pm
​ប្រតិបត្តិករទេសចរណ៍៖ វិបត្តិព្រំដែនកម្ពុជា-ថៃ ជំរុញឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍កាន់តែខ្លាំង
2026/01/26 02:43:51 pm
​អភិបាលខេត្តកំពង់ចាម ស្នើសមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឱ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា
2026/01/26 02:39:48 pm
​អ្នកបន្តភៀសសឹក ទទូចឱ្យអន្តរជាតិជួយអន្តរាគមន៍​ជំរុញ​ថៃ​បញ្ឈប់​អរិភាព​ជាមួយ​កម្ពុជា និង​ងាក​មក​រក​ដំណោះ​ស្រាយ​ផ្លូវច្បាប់
2026/01/26 02:29:36 pm
​រដ្ឋមន្រ្ដីកសិកម្មកម្ពុជា នាំរដ្ឋមន្រ្ដីកសិកម្មឡាវឈ្វេងយល់អំពីផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា
2026/01/26 02:10:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/25 06:24:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/25 11:10:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/23 02:41:23 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am