អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់អាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃសៅរ៍ (២៤ មករា) ថា ព្រិលធ្លាក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលបីថ្ងៃកន្លងទៅនោះ បានសម្លាប់មនុស្សជាង ៦០នាក់ និងរបួសជាង ១០០នាក់ នៅទូទាំងប្រទេស ខណៈអាជ្ញាធរនៅក្នុងប្រជាជាតិដ៏ក្រីក្រមួយនេះ កំពុងប្រឹងប្រែងដើម្បីបើកផ្លូវ និងចូលទៅកាន់ភូមិដែលប៉ះពាល់។

លោក Yousaf Hammad អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា មនុស្ស ៦១នាក់ បានស្លាប់ និង ១១០នាក់ រងរបួស ផ្ទះសម្បែងជិត ៤៦០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ឬមួយផ្នែក ហើយសត្វរាប់រយក្បាលបានងាប់ក្នុងខេត្តចំនួន១៥ ក្នុងចំណោមខេត្តទាំង ៣៤ របស់អាហ្វហ្គានីស្ថាន។ លោកបន្តថា ចំនួននេះអាចផ្លាស់ប្ដូរនៅពេលអាជ្ញាធរប្រមូលព័ត៌មានបន្ថែមពីខេត្តប៉ះពាល់។
អាហ្វហ្គានីស្ថាន ងាយរងគ្រោះទៅនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបែបនេះណាស់ ដោយកន្លងមក ព្រិលធ្លាក់ និងភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានទឹកជំនន់យ៉ាងគំហុក ដែលជារឿយៗ បានសម្លាប់មនុស្សរាប់សិបនាក់ ឬរាប់រយនាក់ក្នុងពេលតែមួយ។ នៅឆ្នាំ២០២៤ មនុស្សជាង ៣០០នាក់ បានស្លាប់ នៅក្នុងទឹកជំនន់យ៉ាងគំហុកនៅនិទាឃរដូវ ស្របពេលវិបត្តិមនុស្សធម៌នៅតែធ្ងន់ធ្ងរ។
កាលពីដើមខែមករានេះ អង្គការសហប្រជាជាតិបាននិយាយថា អាហ្វហ្គានីស្ថាននឹង «នៅតែជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោកនៅឆ្នាំ ២០២៦»។ អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌របស់ខ្លួន បានចាប់ផ្តើមការអំពាវនាវរកជំនួយចំនួន ១,៧ ពាន់លានដុល្លារ ដើម្បីជួយមនុស្សជិត ១៨លាននាក់ដែលកំពុងត្រូវការជំនួយបន្ទាន់ នៅក្នុងប្រទេសនេះ៕

