អត្រាគាំទ្រពីសាធារណជនលើនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានធ្លាក់ចុះពីកម្រិតខ្ពស់ពីមុន នៅក្នុងការស្ទង់មតិថ្មីៗមួយចំនួននៅមុនការបោះឆ្នោតជាតិខែកុម្ភៈ ខាងមុខ របស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោកមួយនេះ។

នៅក្នុងការស្ទង់មតិមួយ ដែលចេញផ្សាយនៅថ្ងៃចន្ទ (២៦ មករា) ដោយកាសែត Nikkei បានបង្ហាញថា អត្រាគាំទ្រចំពោះរដ្ឋបាលរបស់លោកស្រី បានធ្លាក់ចុះក្រោម ៧០% ជាលើកដំបូងបំផុតចាប់តាំងពីលោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុន ក្នុងខែតុលា ឆ្នាំមុន ពោលគឺ ធ្លាក់ចុះមកត្រឹម ៦៧% ពីអត្រា ៧៥% ក្នុងខែធ្នូ។ ការស្ទង់មតិដាច់ដោយឡែកមួយលើអ្នកបោះឆ្នោត របស់សារព័ត៌មានក្យូដូបានបង្ហាញថា អត្រាគាំទ្របានធ្លាក់ចុះមកត្រឹម ៦៣% ពីអត្រា ៦៨% ខណៈការស្ទង់មតិរបស់កាសែត Mainichi បាននិយាយថា អត្រានេះបានធ្លាក់ចុះមកត្រឹម ៥៧%។
លោកស្រី Takaichi បានអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិ ដើម្បីសម្រេចលើជោគវាសនាអាសនៈសភាជាន់ទាបទាំង ៤៦៥អាសនៈ ខណៈលោកស្រីកំពុងស្វះស្វែងប្រែក្លាយប្រជាប្រិយភាពផ្ទាល់ខ្លួន ឱ្យទៅជាការគាំទ្រចំពោះគោលនយោបាយសារពើពន្ធបែបពង្រីករបស់លោកស្រី និងដើម្បីពង្រឹងការគ្រប់គ្រងរបស់លោកស្រី លើគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាច។ គណបក្សនេះ និងដៃគូចម្រុះរបស់ខ្លួន គឺគណបក្សនវានុវត្តន៍ជប៉ុន (Ishin) កាន់កាប់សំឡេងភាគច្រើនតែ ១អាសនៈប៉ុណ្ណោះនៅក្នុងសភា៕

