និយតករអាកាសចរណ៍អាមេរិក បានឲ្យដឹងថា យន្តហោះឯកជន ១គ្រឿង បានធ្លាក់ ហើយឆេះ នៅពេលកំពុងហោះចេញពីអាកាសយានដ្ឋានរដ្ឋ Maine ដោយមានអ្នកដំណើរ ៨នាក់ជិះនៅលើនោះ ប៉ុន្តែជោគវាសនា និងអត្តសញ្ញាណរបស់ពួកគេមិនទាន់ដឹងភ្លាមៗនៅឡើយទេ។

ការធ្លាក់យន្តហោះ Bombardier Challenger 600 នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Bangor បានកើតឡើងនៅម៉ោងប្រហែល ៧:៤៥យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ (ទី២៥ ខែមករា ឆ្នាំ២០២៦)។ នេះបើយោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ខ្លួនគ្រោងបើកការស៊ើបអង្កេតករណីនេះ។
មានព័ត៌មានលម្អិតតិចតួចណាស់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលម្នាក់ដែលត្រូវបានផ្ដល់ព័ត៌មាន អំពីករណីនេះ បានប្រាប់សារព័ត៌មាន Reuters ថា មានអគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះឡើង បន្ទាប់ពីយន្តហោះនោះបានធ្លាក់។
របាយការណ៍អាកាសធាតុបានបង្ហាញថា ព្រិលតិចៗ បានចាប់ផ្តើមធ្លាក់នៅអាកាសយានដ្ឋាននេះ មុនពេលយន្តហោះនោះធ្លាក់ ប៉ុន្តែអាជ្ញាធរមិនបានផ្តល់ការចង្អុលបង្ហាញភ្លាមៗថា អាកាសធាតុមានចំណែកក្នុងគ្រោះថ្នាក់នេះទេ។ ការព្រមានអំពីព្យុះរដូវរងា បានគ្របដណ្តប់តំបន់ភាគច្រើននៃរដ្ឋ Maine ក្នុងនោះរួមទាំង Bangor ផងដែរ ដែលជាទីក្រុងធំទី៣ របស់រដ្ឋនេះ៕
