នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni និងសមភាគីន័រវែស លោក Jonas Gahr Store បាន រិះគន់ចំពោះការលលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបង្ហាញថា កងទ័ពណាតូដែលមិនមែនជារបស់សហរដ្ឋអាមេរិក បាននៅក្រៅជួរមុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ លោកស្រី Meloni បានរំលឹកថា បន្ទាប់ពីការវាយប្រហារភេរវកម្ម នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ អង្គការណាតូ បានធ្វើឲ្យមាត្រា ៥ ដំណើរការជាលើកដំបូង និងតែមួយគត់ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងសកម្មភាពសាមគ្គីភាពជាមួយសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«ប្រទេសអ៊ីតាលីបានឆ្លើយតបភ្លាមៗជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយដាក់ពង្រាយបុគ្គលិកយោធារាប់ពាន់នាក់ និងទទួលខុសត្រូវពេញលេញចំពោះទីបញ្ជាការតំបន់ខាងលិច ដែលជាតំបន់ប្រតិបត្តិការសំខាន់បំផុតមួយនៃបេសកកម្មអន្តរជាតិទាំងមូល»។
យោងតាមលោកស្រី Meloni បានឲ្យដឹងថា ប្រទេសអ៊ីតាលីបានទទួលរង «ផលវិបាកមិនអាចប្រកែកបាន» ដោយមានទាហាន ៥៣នាក់ ត្រូវបានសម្លាប់ និងជាង ៧០០នាក់ រងរបួស នៅក្នុងប្រតិបត្តិការប្រយុទ្ធ បេសកកម្មសន្តិសុខ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់កងកម្លាំងអាហ្វហ្គានីស្ថាន ក្នុងរយៈពេលជិត ២០ឆ្នាំ។
ដោយហេតុផលនេះ សេចក្តីថ្លែងការណ៍ដែលកាត់បន្ថយការចូលរួមចំណែករបស់ប្រទេសណាតូ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺមិនអាចទទួលយកបានទេ ជាពិសេសនៅពេលដែលពួកគេមកពីប្រទេសសម្ព័ន្ធមិត្ត។
ចំណែកលោក Store បានបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ត្រាំ គឺ «មិនអាចទទួលយកបាន»ទេ៕
