កងកម្លាំងការពារប្រជាជនស៊ូដង់ខាងត្បូង (SSPDF) កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យមានការជម្លៀសជនស៊ីវិល អង្គការមនុស្សធម៌ និងបុគ្គលិករបស់អង្គការសហប្រជាជាតិជាបន្ទាន់ចេញពីតំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំង នៅក្នុងរដ្ឋ Jonglei មុនពេលមានការវាយលុកយោធាដ៏ធំមួយ។
អ្នកនាំពាក្យរបស់ SSPDF លោកឧត្តមសេនីយ៍ឯក Lul Ruai Koang បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា៖ «បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល (NGO) និង UNMISS ទាំងអស់ដែលកំពុងប្រតិបត្តិការ និងធ្វើការ នៅក្នុងតំបន់ Nyirol, Uror និង Akobo ត្រូវបានផ្តល់ពេល ៤៨ម៉ោង ដើម្បីចាកចេញ»។
លោកបានបញ្ជាក់ថា ជនស៊ីវិលនៅក្នុងតំបន់ទាំងនេះ ត្រូវតែផ្លាស់ទីលំនៅជាបន្ទាន់ទៅកាន់តំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ ខណៈដែលកងទ័ពកំពុងរៀបចំ សម្រាប់ «ប្រតិបត្តិការសន្តិភាពយូរអង្វែង» ប្រឆាំងនឹងចលនារំដោះប្រជាជនស៊ូដង់ (SPLA-IO)។

លោកបានបន្ថែមថា៖ «ជនស៊ីវិលប្រដាប់អាវុធដែលត្រូវបានប្រទះឃើញថា កំពុងមានវត្តមាន ទាំងនៅក្នុង និងជុំវិញបន្ទាយរបស់ក្រុម SPLA-IO តំបន់ជួបជុំ និងទីលានជួបជុំគ្នា នឹងត្រូវបានចាត់ទុកថា ជាគោលដៅយោធាស្របច្បាប់»។
គួរបញ្ជាក់ថា ការពីព្រឹកថ្ងៃអាទិត្យ (ទី២៥ ខែមករា ឆ្នាំ២០២៦) បេសកកម្មអង្គការសហប្រជាជាតិ (UNMISS) នៅស៊ូដង់ខាងត្បូង បានសម្តែងក្ដីបារម្ភ ចំពោះរបាយការណ៍ ដែលថា មេដឹកនាំយោធាជាន់ខ្ពស់ម្នាក់ បានជំរុញឲ្យកងទ័ពវាយប្រហារជនស៊ីវិល នៅក្នុងរដ្ឋ Jonglei។
ស្ថាប័ននេះក៏បានឲ្យដឹងផងដែរថា មនុស្សជាង ១៨០.០០០នាក់ ត្រូវបានគេនិយាយថា ត្រូវបានផ្លាស់ទីលំនៅនៅរដ្ឋ Jonglei ដោយសារតែការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងៗ រវាងភាគីសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៨៕

