បាល់ទាត់៖ ក្រុមលេខ ២ នៅ Bundesliga អាល្លឺម៉ង់ Borussia Dortmund បានយកឈ្នះ Arminia Bielefeld ១-០ ដើម្បីបន្តដេញតាមក្រុមកំពូលតារាង Bayern Munich។ គ្រាប់ជ័យជំនះរបស់ Dortmund សំរេចបាននៅនាទីទី២១ ដោយ Marius Wolf ហើយលទ្ធផល ១-០ នេះរក្សាដល់ចប់ការប្រកួត។

បីពិន្ទុនេះធ្វើឱ្យ Dortmund បន្តឈរលេខ ២ មាន ៥៣ពិន្ទុដេញពីក្រោយ Bayern Munich ៧ពិន្ទុតែ Dortmund ប្រកួតតិចជាង ១ប្រកួត។ ចំណែកឯ RB Leipzig ក៏រកបានបីពិន្ទុដែរកាលពីថ្ងៃអាទិត្យក្រោយយកឈ្នះនៅទឹកដី Greuther Furth ៦-១។ ក្រុមម្ចាស់ផ្ទះចាប់ផ្តើមដោយនាំមុខតាំងពីនាទីទី ៤ ដោយ Jamie Leweling តែត្រឹមវគ្គទី ១ ដដែល Leipzig វាយបកពីក្រោយដល់ទៅ ៤ គ្រាប់ដោយ Andre Silva, Emil Forsberg, Konrad Laimer និង Benjamin Henrichs។
ឈានចូលវគ្គទី២ Leipzig មិនបន្ធូរដៃឡើយដោយបានបន្ថែមពីរគ្រាប់ទៀតដោយ Mohamed Simakan និង Christopher Nkunku។ ជ័យជំនះនេះធ្វើឱ្យ Leipzig ឡើងមកលេខ ៤ មាន ៤៤ពិន្ទុតាមពីក្រោយ Leverkusen លេខ៣ ចំនួន ១ពិន្ទុ។ រីឯ Leverkusen យប់មិញបានភ្លាត់ស្នៀតចាញ់ FC Koln ក្នុងទឹកដីខ្លួនឯងដោយគ្រាប់បាល់ជ័យជំនះរបស់ Kingsley Schindler នៅនាទីទី ៦៧។ ដោយឡែកសំរាប់ក្រុមនាំមុខគេក្នុងតារាង Bayern Munich កាលពីថ្ងៃសៅរ៍បានត្រឹមស្មើគ្នាប៉ុណ្ណោះនៅទឹកដី Hoffenheim៕
អត្ថបទ៖នាង សុភាវុធ