លោក Armando Mema សមាជិកនៃគណបក្សអភិរក្សជាតិសម្ព័ន្ធសេរីភាពហ្វាំងឡង់ បានប្រាប់សារព័ត៌មាន TASSថា បំណងប្រាថ្នារបស់សហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងកោះហ្រ្គីនលែន គឺមានគោលបំណងធ្វើឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនទិញអាវុធឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពីទីក្រុងវ៉ាស៊ីនតោន និងបង្កើនថវិកាយោធារបស់ពួកគេ ចូលទៅក្នុងអង្គការណាតូ។

កាលពីថ្ងៃទី ២១ ខែមករា បន្ទាប់ពីការចរចាជាមួយអគ្គលេខាធិការណាតូ លោក Mark Rutte ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា គ្រោងនៃកិច្ចព្រមព្រៀងលើកោះហ្គ្រីនលែន បានលេចចេញជារូបរាងហើយ។ សេចក្តីព្រាងកិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងរក្សាអធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាកលើកោះនេះ និងបន្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិឆ្នាំ ១៩៥១។ នេះនឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបង្កើតមូលដ្ឋានយោធា និង «តំបន់ទ្រនាប់» នៅទីនោះ ប្រសិនបើ ណាតូយល់ថា ចាំបាច់។
លោក Mema បានចង្អុលបង្ហាញថា៖«បំណងប្រាថ្នារបស់លោកប្រធានាធិបតី ត្រាំ ក្នុងការទទួលបាន កោះហ្គ្រីនលែន គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីដាក់សម្ពាធលើសម្ព័ន្ធមិត្តណាតូ ឲ្យបង្កើនការចំណាយយោធារបស់ពួកគេ និងទិញអាវុធបន្ថែមទៀត»។ «លោកប្រធានាធិបតី ត្រាំ ចង់សាងសង់ប្រព័ន្ធការពារ Golden Dome នៅកោះហ្គ្រីនលែន ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលបាលីស្ទីកអន្តរទ្វីបណាមួយ ក្នុងករណីមានសេណារីយោសង្គ្រាមលោកលើកទី ៣។ នៅពេលដែលលោកនិយាយអំពីវាថា ជាបញ្ហាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមគំនិតរបស់ខ្ញុំ លោកចង់មានន័យថា ដាក់ប្រព័ន្ធការពារដែនអាកាសនៅទីនោះ និងបង្កើនវត្តមានយោធាអាមេរិក»។
អ្នកនយោបាយរូបនេះ បានកត់សម្គាល់ថា កោះនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងករណីមានសង្គ្រាមនៅតំបន់អាក់ទិក។ «ខ្ញុំក៏ជឿជាក់ផងដែរថា មានរ៉ែដ៏កម្រនៅលើកោះនេះ ហើយសហរដ្ឋអាមេរិកចង់ទាញយកអត្ថប្រយោជន៍ពីរឿងនេះ»៕
