យោធាអ៊ីស្រាអែលបាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើមវាយប្រហារ «តំបន់ជាច្រើន» នៅក្នុងប្រទេសលីបង់ ដោយកំណត់គោលដៅលើអ្វីដែលខ្លួនពិពណ៌នាថា ជាហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបាននិយាយថា ការវាយប្រហារទាំងនេះ គឺជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា «ការរំលោភបំពានម្តងហើយម្តងទៀតលើកិច្ចព្រមព្រៀងបទឈប់បាញ់» របស់ក្រុមហេសបូឡា ដោយមិនបានផ្តល់ព័ត៌មានលម្អិត។

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា ការវាយប្រហារទាំងនេះ គឺការវាយប្រហារតាមអាកាសលើកទី២របស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ។ ការវាយប្រហារមុននេះ បានសម្លាប់សមាជិកក្រុមហេសបូឡា ពីរនាក់ ខណៈដែលមនុស្ស ៥នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការវាយប្រហារលើកទី ១ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់លោក Muhammad al-Husseini ប្រធានកងកាំភ្លើងធំរបស់ក្រុមហេសបូឡា នៅក្នុងភូមិ Arzoun ភាគខាងត្បូងប្រទេសលីបង់។ អ៊ីស្រាអែលបានចោទប្រកាន់លោក al-Husseini ពីបទរៀបចំការវាយប្រហារច្រើនលើកច្រើនលើកប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល និងព្យាយាម «ស្តារសមត្ថភាពកាំភ្លើងធំរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់»។
អ៊ីស្រាអែលបានធ្វើការវាយប្រហារជាញឹកញាប់ នៅក្នុងប្រទេសលីបង់ ដោយនិយាយថា ពួកគេមានគោលបំណងបញ្ចប់ «ការគំរាមកំហែង» របស់ក្រុមហេសបូឡា ទោះបីជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំងដែលបានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក៏ដោយ។ រដ្ឋាភិបាលលីបង់ រួមជាមួយប្រទេសអារ៉ាប់ជាច្រើន បានថ្កោលទោសអ្វីដែលខ្លួនពិពណ៌នាថា ជាការរំលោភបំពានបទឈប់បាញ់ជាបន្តបន្ទាប់របស់អ៊ីស្រាអែល៕
