បន្ទាប់ពីមានកិច្ចចរចាត្រីភាគីកាលពីចុងសប្តាហ៍ នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា បញ្ហាដែនដីនៅតែជាមូលដ្ឋានគ្រឹះ សម្រាប់ប្រទេសរុស្ស៊ី នៅពេលដែលវាពាក់ព័ន្ធនឹងការឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា នៅប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងម្តងហើយម្តងទៀតថា ប្រសិនបើទីក្រុងគីវមិនព្រមបោះបង់ចោលនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទេនោះ រុស្ស៊ីនឹងយកទាំងអស់ដោយកម្លាំងនូវតំបន់ Donbas របស់អ៊ុយក្រែន ជាទីដែលកងកម្លាំងរបស់ទីក្រុងមូស្គូកំពុងគ្រប់គ្រង ៩០ភាគរយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន TASS ដែលបាននិយាយថា៖ «វាមិនមែនជារឿងអាថ៌កំបាំងទេនោះ ដែលនេះជាជំហរមិនកែប្រែរបស់យើង ពោលគឺជាគោលជំហររបស់ប្រធានាធិបតីរបស់យើង ដែលថា បញ្ហាទឹកដី ជាផ្នែកមួយនៃរូបមន្តនៅទីក្រុង Anchorage គឺមានសារៈសំខាន់ជាមូលដ្ឋាន សម្រាប់ភាគីរុស្ស៊ី»។
យោងតាមប្រភពដែលស្និទ្ធនឹងវិមានក្រឹមឡាំង បានឲ្យដឹងថា «រូបមន្តទីក្រុង Anchorage» សំដៅទៅលើអ្វីដែលរុស្ស៊ី បញ្ជាក់ថា ត្រូវបានព្រមព្រៀងគ្នា រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងលោក Putin នៅក្នុងកិច្ចប្រជុំកំពូលមួយ ក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំ២០២៥។
យោងតាមប្រភពដដែល កិច្ចព្រមព្រៀងដែលត្រូវបានអះអាងនោះ ត្រូវបានគេរំពឹងថា អ៊ុយក្រែននឹងប្រគល់ការគ្រប់គ្រងលើតំបន់ដុនបាសទាំងអស់ទៅឲ្យរុស្ស៊ី និងឈប់ត្រឹមសមរភូមិជួរមុខ នៅកន្លែងផ្សេងទៀត នៅភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន ជាលក្ខខណ្ឌនៃការមានកិច្ចព្រមព្រៀងសន្តិភាពណាមួយ នាពេលអនាគត៕
