ព្យុះព្រិលនៅខេត្តភាគខាងជើង Hokkaido ប្រទេសជប៉ុន បានគ្របដណ្តប់ដងផ្លូវ និងធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូន បណ្តាលឲ្យអ្នកដំណើរជាប់ខ្លួនពេញមួយយប់ នៅអាកាសយានដ្ឋានសំខាន់នៅក្នុងខេត្តមួយនេះ ក្រោយជើងហោះហើររាប់សិបវ៉ុល ពុំអាចហោះហើរបាន ។

យោងតាមគេហទំព័រផ្លូវការរបស់ការិយាល័យក្នុងតំបន់ Sapporo នៃទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា រដ្ឋធានី Sapporo នៃខេត្ត Hokkaido មើលឃើញព្រិលធ្លាក់កម្រាស់រហូតដល់ ១ម៉ែត្រ ដែលជាចំនួនព្រិលធ្លាក់ជាប់កំណត់ត្រានៅព្រឹកថ្ងៃចន្ទនេះ ។
សេវាកម្មរថភ្លើងរាប់រយខ្សែ ត្រូវបានពន្យាពេល ឬលុបចោលកាលពីថ្ងៃអាទិត្យ ក្នុងនោះការផ្អាកនឹងត្រូវបន្តរហូតដល់ថ្ងៃចន្ទនេះ ។
ទីភ្នាក់ងារព័ត៌មាន Kyodo រាយការណ៍ថា អ្នកដំណើរប្រហែល ៧ពាន់នាក់ ត្រូវបានបង្ខំសម្រាកពេញមួយយប់ថ្ងៃអាទិត្យនៅអាកាសយានដ្ឋាន New Chitose ក្រោយការលុបចោលជើងហោះហើរជាង ៥០វ៉ុល ៕
