លោក Cesar Prieto គឺជាអភិបាលក្រុង Salamanca និយាយនៅលើបណ្តាញព័ត៌មានសង្គម Facebookកាលពីថ្ងៃអាទិត្យថា ក្រុមវាយប្រហារប្រដាប់អាវុធ បានសម្លាប់មនុស្ស ១១នាក់ និងមនុស្ស ១២នាក់ផ្សេងទៀត រងរបួស នៅលើទីលានបាល់ទាត់ ស្ថិតក្នុងទីក្រុងរបស់លោក ហើយមូលហេតុនៅពីក្រោយការវាយប្រហារនេះ ពុំត្រូវបានដឹងច្បាស់ភ្លាមៗនោះទេ ។
កងកម្លាំងសន្តិសុខ ត្រូវបានគេមើលឃើញល្បាត និងធ្វើការនៅកន្លែងរងការវាយប្រហារ ក្រោយករណីបាញ់ប្រហារស្លាប់មនុស្សនេះ ។

លោក Prieto និយាយថា ស្រ្តីម្នាក់ និងក្មេងម្នាក់ ស្ថិតក្នុងចំណោមអ្នករងរបួស នៅការវាយប្រហារក្នុងសហគមន៍ Loma de Flores អំឡុងការជួបជុំសង្គម ហើយឧបទ្ទេវហេតុនេះ គឺជាការបែកបាក់សង្គមដ៏ធ្ងន់ធ្ងរមួយផងដែរ ។
លោកបន្តថា ឧបទ្ទេវហេតុនេះ បន្ថែមពីលើរលកនៃអពើហិង្សាដែលពួកយើងបានជួបប្រទះនៅក្នុងរដ្ឋ ជាពិសេសនៅទីក្រុង Salamanca ហើយក្រុមឧក្រិដ្ឋជនកំពុងព្យាយាមតតំាងជាមួយក្រុមអាជ្ញាធរ ដែលពួកគេមិនអាចយកឈ្នះបាន ។
មន្រ្តីមួយរូបរបស់រដ្ឋអាជ្ញានៅរដ្ឋ Guanajuato ជាទីដែលទីក្រុង Salamanca ស្ថិតនៅ និយាយថា ការស៊ើបអង្តេតត្រូវបានធ្វើឡើងចំពោះការវាយប្រហារនេះ ៕
