ក្រុមហាម៉ាសនិយាយថា ខ្លួនបានជូនដំណឹងដល់អ្នកសម្របសម្រួលអំពីកន្លែងដែលសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលចុងក្រោយអាចត្រូវបានរកឃើញ នៅក្នុងតំបន់ហ្កាហ្សា ដោយយោធាអ៊ីស្រាអែលកំពុងស្វែងរកសាកសពចំណាប់ថ្នូរនោះ។
ក្រុមហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ទាក់ទងនឹងសាកសពរបស់លោក Ran Gvili យើងបញ្ជាក់ថា យើងបានផ្តល់ឲ្យអ្នកសម្របសម្រួលនូវព័ត៌មានលម្អិត និងព័ត៌មានទាំងអស់ដែលយើងមានទាក់ទងនឹងទីតាំងសាកសពរបស់ចំណាប់ខ្មាំង»។ «អ្វីដែលបញ្ជាក់ពីការពិតនៃសេចក្តីថ្លែងការណ៍របស់យើង គឺថា សត្រូវឥឡូវនេះកំពុងស្វែងរកទីតាំងមួយ ដោយផ្អែកលើព័ត៌មានដែលផ្តល់ដោយកងពលតូច al-Qassam ទៅកាន់ក្រុមអ្នកសម្របសម្រួល»។

ទាហានអ៊ីស្រាអែល លោក Ran Gvili ត្រូវបានសម្លាប់ នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល។ សាកសពរបស់លោក ត្រូវបានប្រគល់ទៅឲ្យអ៊ីស្រាអែលជាផ្នែកមួយនៃដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្កាហ្សា ប៉ុន្តែរឿងនេះ មិនទាន់ត្រូវបានធ្វើទេ រហូតមកទល់ពេលនេះ។
ភាពតានតឹងបានផ្ទុះឡើងនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជន មកពីចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានបើកការវាយប្រហារដោយមិននឹកស្មានដល់លើអ៊ីស្រាអែល ដោយសម្លាប់ប្រជាជននៅតំបន់ព្រំដែន និងចាប់ចំណាប់ថ្នូរ ជាង ២៥០នាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានផ្តួចផ្តើមប្រតិបត្តិការយោធា នៅក្នុងដែនដីប៉ាឡេស្ទីន ដើម្បីរុះរើរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ក្រុមហាម៉ាស និងដោះលែងចំណាប់ខ្មាំងទាំងអស់៕
