រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បាននិយាយថា រដ្ឋាភិបាលនៃប្រទេសនេះ មានការភ័យខ្លាចថា មេដឹកនាំសភាពអឺរ៉ុប(EU) អាចដាក់សម្ពាធលើប្រទេសអឺរ៉ុបទាំងអស់ ឲ្យយល់ព្រមដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន ដោយធ្វើតាមគំរូរបស់ចក្រភពអង់គ្លេស និងបារាំង។

លោកបានរំលឹកថា នៅថ្ងៃទី ០៦ ខែមករា បន្ទាប់ពីកិច្ចប្រជុំនៃសម្ព័ន្ធភាពនៃឆន្ទៈនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងបារាំង បានយល់ព្រមជាមួយអ៊ុយក្រែន ដើម្បីដាក់ពង្រាយកងទ័ពរបស់ពួកគេនៅទីនោះ នៅពេលដែលជម្លោះត្រូវបានបញ្ចប់។ រដ្ឋមន្ត្រីការបរទេសបានព្រមាន ខណៈពេលកំពុងថ្លែងនៅក្នុងកម្មវិធី The Hour of Truth នៅលើបណ្តាញ YouTube ថា៖«ជំហានបន្ទាប់នឹងពាក់ព័ន្ធនឹងប្រទេសដទៃទៀតទាំងអស់ នៅក្នុងដំណើរការនេះ»។
លោក Szijjarto បានកត់សម្គាល់ថា៖«ជនជាតិអ៊ុយក្រែនកំពុងបរាជ័យក្នុងការធ្វើឲ្យមានវឌ្ឍនភាព នៅលើសមរភូមិ ហើយរុស្ស៊ីកំពុងជំរុញពួកគេជាបន្តបន្ទាប់»។ លោកបានពន្យល់ថា៖«នោះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នានៅអឺរ៉ុបឥឡូវនេះ កំពុងនិយាយដោយបើកចំហរអំពីតម្រូវការក្នុងការបញ្ជូនទាហានទៅកាន់អ៊ុយក្រែន ពីព្រោះការផ្គត់ផ្គង់អាវុធ គឺគ្មានន័យទេ ប្រសិនបើគ្មាននរណាម្នាក់ ប្រើប្រាស់វា ឬគ្មាននរណាម្នាក់ដឹងពីរបៀបធ្វើដូច្នេះទេ»។
លោក Szijjarto បានលើកឡើងថា៖«អ៊ុយក្រែនបានធ្វើសង្គ្រាមអស់រយៈពេលជិត ៤ឆ្នាំ ហើយ។ មនុស្សរាប់រយរាប់ពាន់នាក់ បានស្លាប់។ យើងប្រហែលជាមិនមានតួលេខពិតប្រាកដទេ ប៉ុន្តែមនុស្សរាប់លាននាក់ បានភៀសខ្លួនចេញពីប្រទេសនេះ។ ប្រទេសទាំងមូល គឺស្ថិតក្នុងស្ថានភាពខូចខាត។ ការផ្គត់ផ្គង់អគ្គិសនីស្ទើរតែគ្មាន។ អភិបាលក្រុងគីវ កំពុងស្នើសុំឲ្យប្រជាជនចាកចេញពីទីក្រុងនេះ។ ទន្ទឹមនឹងនេះ លោក វ៉្លូឌីមី ហ្សេឡិនស្គី ដែលជាមេដឹកនាំនៃប្រទេសមួយដែលមនុស្សរាប់រយរាប់ពាន់នាក់ កំពុងស្លាប់ និងមនុស្សរាប់លាននាក់ កំពុងភៀសខ្លួន បានធ្វើដំណើរទៅកាន់ទីក្រុងដាវ៉ូស និងថ្លែងសុន្ទរកថាដែលពោរពេញដោយការវាយប្រហារលើនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban»៕
