អ៊ុយក្រែន៖ កម្លាំងទាហានរុស្ស៊ីបានបាញ់គ្រាប់កាំភ្លើងពិតប្រហើរពីលើក្បាល របស់ប្រជាពលរដ្ឋដែលជាអ្នកតវ៉ានៅទីក្រុង Kherson របស់ប្រទេសអ៊ុយក្រែនដែលបានចេញតវ៉ានៅតាមដងផ្លូវនានា ប្រឆាំងទៅនឹងការគ្រប់គ្រងទីក្រុងនេះដោយកម្លាំងប្រដាប់អាវុធរុស្ស៊ី ខណៈប្រធានាធិបតីអ៊ុយក្រែនព្រមានថា លោក Vladimir Putin មានផែនការកែប្រែទីក្រុង Kherson ទៅជាសាធារណរដ្ឋផ្ដាច់ខ្លួន។

ក្រុមបាតុករដ៏ក្លាហ៊ានអ៊ុយក្រែនបានចេញតវ៉ាជាថ្មីទៀតតាមដងផ្លូវនានានៅទីក្រុង Kherson កាលពីថ្ងៃអាទិត្យ ប្រឆាំងទៅនឹងកងកម្លាំងរុស្ស៊ីដែលកំពុងគ្រប់គ្រងទីក្រុងនេះ ទោះបីជាមានការប៉ុនប៉ងជាថ្មីក្នុងការបង្ក្រាបស្មារតីរបស់ប្រជាពលរដ្ឋ ដែលបច្ចុប្បន្នកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីក៏ដោយ។ វីដេអូបានបង្ហាញពីក្រុមបាតុករកំពុងហៅក្រុមអ្នកឈ្លានពានរុស្ស៊ីថា ជាពួកហ្វាស៊ីស ខណៈពួកគេបានដើរព័ទ្ធជុំវិញរថយន្តដែលមានសរសេរអក្សរ 'Z' ពណ៌សនៅពីចំហៀងរថយន្ត ជាសញ្ញាបញ្ជាក់ពីនិមិត្តនៃការប្រែក្លាយយ៉ាងលឿននៃការគាំទ្រលោក Putin។ ទាហានរុស្ស៊ីបានបាញ់ឡើងលើអាកាស ដើម្បីព្យាយាមបំបែកក្រុមបាតុករចេញពីរថយន្តរបស់ពួកគេ។ ក្រុមមេបញ្ជាការអ៊ុយក្រែនបាននិយាយកាលពីសប្ដាហ៍មុនថា នគរបាលយោធារុស្ស៊ីបានចាប់ខ្លួនក្រុមសកម្មជន ៤០០នាក់បន្ទាប់ពីពួកគេចេញតវ៉ាប្រឆាំងការឈ្លានពានរបស់រុស្ស៊ី៕
អត្ថបទ៖ សុខមាន