រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump សុំអភ័យទោស ចំពោះការលើកឡើង ដែលថា សម្ព័ន្ធមិត្តណាតូរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៅប្រទេសអាហ្វហ្គានីស្ថាន បានគេចវេសពីការទៅបម្រើនៅសមរភូមិជួរមុខ ដោយនេះជាការចូលរួមជាមួយការរិះគន់ពីសំណាក់អ្នកនយោបាយអឺរ៉ុប និងអតីតយុទ្ធជនយោធា។
លោក Trump បានបង្កឲ្យមានការអាក់អន់ចិត្តយ៉ាងខ្លាំង ក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅពេលដែលលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox Business Network កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក «មិនដែលត្រូវការ» សម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិកនេះទេ ហើយបានចោទប្រកាន់សម្ព័ន្ធមិត្តនេះថា នៅ «ឆ្ងាយបន្តិចពីសមរភូមិជួរមុខ» នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
តាមរយៈទូរទស្សន៍សាធារណៈ ARD របស់អាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ (ទី២៥ ខែមករា ឆ្នាំ២០២៦) លោក Pistorius បានប្រាប់កម្មវិធីមួយថា៖ «វាមិនមែនជារឿងត្រឹមត្រូវនោះឡើយ ហើយវាគឺជាការមិនផ្ដល់ការគោរព ក្នុងការនិយាយ អំពីអ្នកពលីនៃសម្ព័ន្ធមិត្តរបស់អ្នក តាមរបៀបបែបនោះ។ ពួកគេទាំងអស់គ្នាឈរនៅទីនោះ ពោលគឺនៅខាងសហរដ្ឋអាមេរិក។ ការអះអាងអ្វីផ្សេងទៀត នៅពេលនេះ គឺជាមិនរឿងពិតទាល់តែសោះ»។
កងទ័ពអាល្លឺម៉ង់រាប់ពាន់នាក់បានចូលរួមក្នុងបេសកកម្ម Operation Enduring Freedom និង Resolute Support របស់អង្គការណាតូ (NATO) នៅអាហ្វហ្គានីស្ថាន ហើយមនុស្ស ៥៩នាក់យ៉ាងតិច ត្រូវបានសម្លាប់។ ប្រតិបត្តិការនេះ ត្រូវបានចាប់ផ្តើមឡើងបន្ទាប់ពីមានការវាយប្រហាររបស់ក្រុមអាល់កៃដា លើសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
លោក Pistorius បានបញ្ជាក់ថា លោកនឹងលើកឡើងពីបញ្ហានេះ នាពេលក្រោយ ដែលលោកបាននិយាយជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ហើយលោកបានជំរុញឲ្យលោក Trump សុំអភ័យទោស។ លោកបានសង្កត់ធ្ងន់ថា «នោះនឹងជាសញ្ញាបង្ហាញពីការមានសុភាវធម៌ ការគោរព និងការយល់ដឹងផងដែរ»៕