យោងតាមការអះអាងរបស់ក្រុមសិទ្ធិមនុស្ស បានឲ្យដឹងថា ក្រុមអាជ្ញាធរនៅប្រទេសវេណេស៊ុយអេឡា បានដោះលែងអ្នកទោសនយោបាយជាង ១០០នាក់ រួមទាំងមេធាវីម្នាក់ដែលត្រូវបានជាប់ពន្ធនាគារកាលពីឆ្នាំ ២០២៤ ក្រោយទៅមើលកូនក្តីនៅមន្ទីរឃុំឃាំង ។
ក្រុមសិទ្ធិមនុស្ស Foro Penal ដែលមានមូលដ្ឋាននៅទីក្រុង Caracas និយាយថា អ្នកទោស ១០៤នាក់ ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យ ហើយចំនួនេះ អាចនឹងកើនឡើងទៀត ។
ពួកគេនិយាយថា ម្នាក់ក្នុងចំណោមមេធាវីគឺលោក Kennedy Tejeda និងនិស្សិតទំនាក់ទំនងលោក Juan Francisco Alvarado ស្ថិតនៅក្នុងចំណោមអ្នកទោសនយោបាយដែលត្រូវបានដោះលែងពីការឃុំឃាំង ។
យោងតាមការអះអាងរបស់អង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា លោក Tejeda ដែលជាមេធាវី និងជាសកម្មជនសិទ្ធិមនុស្សម្នាក់ ត្រូវបានគេមើលឃើញលើកចុងក្រោយកាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤ ពេលដែលរូបលោកធ្វើដំណើរទៅកាន់មន្ទីរឃុំឃាំង ស្ថិតក្នុងរដ្ឋ Carabobo ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដល់អ្នកទោសនយោបាយ ។
លោក Alfredo Romero គឺជាប្រធានប្រតិបត្តិក្រុមសិទ្ធិមនុស្ស Foro Penal និយាយនៅលើបណ្តាញព័ត៌មានសង្គមថា សមមិត្តជាទីស្រឡាញ់របស់ពួកយើង គឺលោក Kennedy Tejeda ដែលជាមេធាវី អ្នកការពារសិទ្ធិមនុស្ស អ្នកទោសនយោបាយនៅពន្ធនាគារ Tocorón ចាប់តាំងពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤នោះ ត្រូវបានគេដោះលែងចេញពីពន្ធនាគារវិញហើយ ។ បច្ចុប្បន្នគាត់បានវិលត្រឡប់មកផ្ទះនៅជាមួយគ្រួសាររបស់គាត់វិញហើយ ៕