ក្រសួងការពារជាតិកូរ៉េខាងត្បូង និយាយថា អនុរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកនយោបាយលោក Elbridge Colby និងរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Ahn Gyu-back បានឯកភាពគ្នា អំឡុងជំនួបនាថ្ងៃចន្ទនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការទទួលបានរបស់ទីក្រុងសេអ៊ូលនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។
លោក Colby ស្ថិតក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តំាងពីឡើងកាន់តំណែង ដែលបានមកដល់ ពេលដែលទីក្រុងវ៉ាស៊ីនតោនបង្ហាញថា ពួកគេរំពឹងថា កូរ៉េខាងត្បូង នឹងទទួលយកតួនាទីឈានមុខជាងមុន ក្នុងការទប់ទល់ជាមួយកូរ៉េខាងជើង ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភាគីទាំង ២ យល់ឃើញថា កិច្ចសហប្រតិបត្តិការលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាជំហានមួយដែលនឹងពង្រឹងសមត្ថភាពរបស់កូរ៉េខាងត្បូង ក្នុងការដឹកនាំការការពារឧបទ្វីបកូរ៉េ និងលើកកម្ពស់សម្ព័ន្ធភាពសន្តិសុខ ។
យុទ្ធសាស្រ្តាការពារជាតិថ្មីរបស់មន្ទីរបច្ចកោណដែលបានបញ្ចេញកាលពីថ្ងៃសុក្រសប្តាហ៍មុន និយាយថា ពួកគេរំពឹងថានឹងមានតួនាទីសហរដ្ឋអាមេរិកមានដែនកំណត់ជាងមុន ក្នុងការទប់ទល់ជាមួយកូរ៉េខាងជើង ក្នុងនោះកូរ៉េខាងត្បូង ត្រូវទទួលយកទំនួលខុសត្រូវចម្បង ៕