បាល់ទាត់៖ អង្គការផ្កាយសមុទ្រកម្ពុជាបានរៀបចំការប្រកួតបាល់ទាត់កុមារីលើកទី១២ ឆ្នាំ២០២២ ដោយមានក្រុមកុមារី ៣៥ក្រុមស្មើនឹងកីឡាការិនីសរុប ៤២០នាក់មកពី ៨ខេត្តចូលរួមនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា កាលពីថ្ងៃទី១២ ខែមីនាចុងសប្ដាហ៍កន្លងទៅ។
លោកស្រី ជួប វិច្ឆិកា ប្រធានគ្រប់គ្រងប្រចាំអង្គការផ្កាយសមុទ្រប្រចាំកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំឡើង ដើម្បីអបអរសាទរទិវានារីអន្ដរជាតិ ៨មីនា ឆ្នាំ២០២២ កាលពីថ្មីៗ ហើយក៏ជាការប្រកួតដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាផង។ លោកស្រីពិតជាមានមោទនភាពក្នុងការបង្ហាញភាពខ្លាំងរបស់ស្ដ្រីក្នុងវិស័យកីឡា ពិសេសលើកកម្ពស់សមភាពយេនឌ័រក្នុងសង្គមតាមរយៈព្រឹត្តិការណ៍បាល់ទាត់នេះ។ លោកស្រីបន្ដថា បើធៀបនឹងការប្រកួត ២ឆ្នាំកន្លងទៅ ឆ្នាំនេះមានក្រុមបាល់ទាត់នារីចូលរួមកើនឡើង ១ក្រុម ពោលគឺមាន ៣៥ក្រុមចូលរួមដែលមានក្រុមកុមារីអាយុក្រោម ១០ឆ្នាំ, អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ។
តាមរយៈការប្រកួតនេះលោកស្រីក៏រំពឹងថា នឹងក្លាយជាផ្នែកមួយក្នុងការបំផុសស្ដ្រីចូលរួមលេងកីឡា និងចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នារីកម្ពុជាផងដែរ។ ក្នុងការប្រកួតបាល់ទាត់កុមារីប្រចាំឆ្នាំ២០២២ នេះក៏មានការចូលរួមពីលោក Erik Lorenz ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការផ្កាយសមុទ្រកម្ពុជា និងលោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត និងជាអនុប្រធានគណៈកម្មាធិការ រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីផងដែរ៕
អត្ថបទ៖ លី ឈុនឡា