រដ្ឋសភាជាតិបារាំង កាលពីថ្ងៃចន្ទ (២៦ មករា) បានសម្រេចអនុម័តច្បាប់ហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងអំពីការបន្តុះបង្អាប់តាមអ៊ីនធឺណិត (Online Bullying) និងហានិភ័យសុខភាពផ្លូវចិត្ត។

សេចក្តីស្នើច្បាប់នេះបានស្នើឱ្យហាមឃាត់អ្នកមានអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើបណ្តាញសង្គម និង "មុខងារបណ្តាញសង្គម" ដែលបង្កប់ក្នុងវេទិកាទូលំទូលាយជាច្រើនទៀត ហើយបានឆ្លុះបញ្ចាំងពីកង្វល់របស់សាធារណជនកាន់តែខ្លាំងឡើង ចំពោះផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមលើអនីតិជន។

សមាជិកសភាបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ១១៦ ទល់នឹង ២៣ សំឡេង។ ឥឡូវនេះ សេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅព្រឹទ្ធសភា មុនការបោះឆ្នោតចុងក្រោយនៅសភាជាន់ទាប។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចង្អុលបង្ហាញថា បណ្ដាញសង្គម គឺជាកត្តាមួយដែលនាំឱ្យមានអំពើហិង្សាក្នុងចំណោមយុវជន។ លោកជំរុញឱ្យបារាំងធ្វើតាមអូស្ត្រាលី ដែលបានហាមឃាត់ជាលើកដំបូងលើពិភពលោក ចំពោះអ្នកអាយុក្រោម ១៦ឆ្នាំ មិនឱ្យប្រើវេទិកាសង្គម រួមទាំងកម្មវិធីធំៗដូចជា Facebook កម្មវិធី Snapchat កម្មវិធី TikTok និង YouTube ជាដើម ហើយបម្រាមនោះបានចូលជាធរមានក្នុងខែធ្នូ ឆ្នាំមុន។
លោក Macron ចង់ឱ្យការហាមឃាត់នេះត្រូវបានអនុវត្តឱ្យទាន់ពេលវេលាសម្រាប់ការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់ នៅខែកញ្ញា។ គួរឱ្យដឹងថា ឆ្នាំសិក្សាបន្ទាប់ (២០២៦-២០២៧) នៅបារាំង សម្រាប់ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ បម្រាមរបស់បារាំង នឹងតម្រូវឱ្យវេទិកានានារារាំងការចូលប្រើប្រាប់ក្មេងជំទង់ តាមរយៈយន្តការផ្ទៀងផ្ទាត់អាយុ ដែលអនុលោមតាមច្បាប់សហភាពអឺរ៉ុប។ អ្នកជំនាញនិយាយថា ការអនុវត្តបម្រាមបែបនេះអាចជារឿងដ៏លំបាកមួយ៕